(តៃប៉ិ)៖ ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បានប្រកាសនាថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះថា កងទ័ពជើងទឹកតៃវ៉ាន់ នឹងប្រចាំការដើម្បីការពារខ្សែកាបក្រោមសមុទ្រ ហើយដោះស្រាយជាមួយកប៉ាល់ណា ដែលគួរឱ្យសង្ស័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ ធ្វើឡើងបន្ទាប់ពីមានករណីកប៉ាល់មួយគ្រឿង ដែលមានម្ចាស់ជនជាតិចិន ជាប់សង្ស័យថាបានធ្វើឱ្យខូចខាត ខ្សែកាបក្រោមសមុទ្រមួយខ្សែ។ តៃប៉ិ​បារម្ភ​ថា ប៉េកាំង​អាច​កាត់​ផ្តាច់​ខ្សែបណ្តាញទំនាក់ទំនង​ ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុនប៉ង​ដើម្បីគ្រប់គ្រង។

កប៉ាល់ដែលមានដោតទង់ជាតិកាមេរូន ត្រូវចាប់ឃាត់ទុកមួយរយៈពេលខ្លី ដោយឆ្មាំសមុទ្រតៃវ៉ាន់ កាលពីដើមខែនេះ ដោយសង្ស័យថាបានអូសយុថ្កា ពីលើខ្សែកាបអន្តរជាតិ នៅភាគឦសាននៃកោះ។ ប៉ុន្តែបុគ្គលិកឆ្មាំសមុទ្រ មិនអាចឡើងលើកប៉ាល់បានទេ ដោយសារបញ្ហាអាកាសធាតុ ក្រោយមកក៏ដោះលែងវិញ។ កប៉ាល់នោះ គ្រប់គ្រងដោយក្រុមហ៊ុនចុះបញ្ជីនៅហុងកុង ជាមួយនិងអាសយដ្ឋានម្ចាស់ជាជនជាតិចិន។

លោក Wellington Koo រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បញ្ជាក់ថា «ប្រសិនបើមានសកម្មភាពកប៉ាល់ណាគួរឱ្យសង្ស័យ ក្នុងតំបន់ដែលមានរាយខ្សែកាបក្រោមសមុទ្រ យើងនឹងសម្របសម្រួលជាមួយឆ្មាំសមុទ្រ ដើម្បីត្រួតពិនិត្យ។ នៅពេលឃើញ ស្ថានភាពបែបនោះ ឆ្មាំសមុទ្រនឹងចេញទៅដោះស្រាយមុន។ ប្រសិនបើឆ្មាំសមុទ្រ ត្រូវការជំនួយពីកងទ័ពជើងទឹក ខ្ញុំគិតថាយើងនឹងចេញទៅសម្របសម្រួលភ្លាមៗ»៕