(កូប៉ិនហាក)៖ នាយករដ្ឋមន្រ្តីនៃប្រទេសដាណឺម៉ាក លោកស្រី Mette Frederiksen កាលពីថ្ងៃពុធសប្តាហ៍នេះ បាននិយាយថា លោកស្រីបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក គឺលោក ដូណាល់ ត្រាំ ហើយលោកស្រីបានប្រាប់ទៅកាន់ លោក ត្រាំ ថា វាអាស្រ័យលើដែនកោះ Greenland ផ្ទាល់ ដែលអាចសម្រេចចិត្តលើបញ្ហាឯករាជ្យណាមួយ។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារ Reuters នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។
លោក ត្រាំ ដែលនឹងត្រូវស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា បាននិយាយកាលពីសប្តាហ៍មុនថា ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះ Greenland ដែលសព្វថ្ងៃជាតំបន់ស្វយ័តរបស់ប្រទេសដាណឺម៉ាក គឺជារឿងដ៏ចាំបាច់បំផុត ហើយលោកមិនបានបដិសេធ ចំពោះលទ្ធភាពនៃការប្រើប្រាស់សកម្មភាពសេដ្ឋកិច្ច ឬមួយក៏យោធា ដើម្បីសម្រេចគោលដៅនោះឡើយ។
ការិយាល័យលោកស្រី Frederiksen បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីនាយករដ្ឋមន្រ្តីដាណឺម៉ាក បានប្រាប់លោក ត្រាំ ថា Greenland មិនមែនសម្រាប់ទិញ-លក់នោះទេ ហើយលោកស្រីបានសង្កត់ធ្ងន់បន្ថែមថា វាអាស្រ័យតែទៅលើ Greenland ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ ដែលអាចធ្វើការសម្រេចចិត្តណាមួយ ស្តីពីឯករាជ្យរបស់ដែនកោះនេះ។
គួរបញ្ជាក់ថា លោកស្រី Frederiksen ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារសំខាន់នៃការពង្រឹងសន្តិសុខ នៅតំបន់អាកទិក និងថា ដាណឺម៉ាកបើកទ្វារចំហជានិច្ច ដើម្បីទទួលយក ការទទួលខុសត្រូវធំជាងមុន លើបញ្ហានេះ៕