(មីយ៉ាន់ម៉ា)៖ អាជ្ញាធរមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍លិចទូកដឹក អ្នកដំណើរមួយគ្រឿងកាលពីសប្ដាហ៍មុន បានកើនឡើងដល់ ៥៣នាក់ និង១៥០នាក់ នៅរស់មានជីវិត ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានស៊ិនហួរ នៅយប់ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
អ្នកទទួលខុសត្រូវក្រុមអ្នកជួយសង្រ្គោះ លោក Sa Willy Frient បាននិយាយថា «មានសាកសពមនុស្ស ៥៣នាក់ហើយ ត្រូវបានគេរកឃើញ រីឯ២០នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ»។ ដោយឡែកបើតាមអាជ្ញាធរ មីយ៉ាន់ម៉ាទូកដឹកអ្នកដំណើរដែលក្រឡាប់លិចខាងលើអាចផ្ទុកមនុស្សបានត្រឹមតែ១២០នាក់ ប៉ុន្តែទូកនេះបែរ ជាដឹកលើសចំណុះដល់ទៅជាង ៣០០នាក់ ហើយមនុស្សយ៉ាងហោចណាស់៤នាក់ ត្រូវបានឃាត់ខ្លួនក្នុង ករណីគ្រោះថ្នាក់លិចទូកនេះ។
គួរបញ្ជាក់ថា ហេតុការណ៍លិចទូកដឹកអ្នកដំណើរ ដែលភាគច្រើនជាគ្រូបង្រៀន និងនិស្សិត បានកើតឡើង កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន នៅម៉ោង ប្រមាណជា ៥៖០០នាទីព្រឹក នៅឯទន្លេ Chindwin ក្នុងទីក្រុង Sagaing ស្ថិតនៅចំងាយ១៣៧គីឡូម៉ែត្រ ពីភាគពាយ័ព្យ ទីក្រុង Mandalay នៃភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា៕