(ដូហា)៖ នៅទីបំផុតទៅ ក្រុមហាម៉ាស និងអ៉ីស្រាអែល បានយល់ព្រមទទួលយកបទឈប់បាញ់មួយនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុមអ្នកសម្របសម្រួលនិយាយថានឹងត្រូវចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្ដាហ៍ នេះ ហើយនឹងមានរួមបញ្ចូលទាំងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងដែលជាប់ឃុំក្នុងតំបន់ហ្កាហ្សា អស់រយៈពេលជាង១៥ខែមកនេះចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុនមក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងជាដំណាក់កាលៗខាងលើបានកំណត់ពីបទឈប់បាញ់ដំណាក់កាលទី១រយៈពេល ៦សប្ដាហ៍ ដោយអ៉ីស្រាអែលត្រូវដកកងទ័ពចេញពីតំបន់ហ្កាហ្សាបន្តិចម្ដងៗ។ ចំណែក ចំណាប់ខ្មាំងវិញនឹងត្រូវបាន ដោះលែងជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។

នៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី១៥ ខែមករា ក្នុងទីក្រុងដូហា នាយករដ្ឋមន្ត្រីកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani បានបញ្ជាក់ថាបទឈប់បាញ់នឹងចូលជាធរមាន នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ដោយឡែក ថ្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានលើកឡើងដែរថា «កិច្ចព្រមព្រៀងនេះនឹងបញ្ឈប់ការវាយប្រយុទ្ធគ្នាក្នុងតំបន់ហ្កាហ្សា នាំទៅ រកការបង្កើនលំហូរជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលប៉ាឡេស្ទីន និងការជួបជុំរវាងចំណាប់ខ្មាំងនឹងក្រុមគ្រួសាររបស់ពួកគេ ក្រោយព្រាត់ប្រាស់គ្នាអស់រយៈពេលជាង១៥ខែមកនេះ»។ ប៉ុន្តែទោះជាឈានដល់ កិច្ចព្រមព្រៀងក៏ពិតមែន ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានអះអាងថាអ៉ីស្រាអែលនៅតែបន្តវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃពុធ លើទីក្រុងហ្កាហ្សា និងភាគខាងជើងនៃតំបន់ហ្កាហ្សាដោយសម្លាប់មនុស្សយ៉ាងហោច ៣២នាក់។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលទី១ នៃបទឈប់បាញ់ ចំណាប់ខ្មាំងអ៉ីស្រាអែល ៣៣នាក់នឹងត្រូវបានដោះលែង ក្នុងនោះរួមមានស្ត្រី កុមារ និងបុរសដែលមានអាយុ៥០ឆ្នាំឡើង ខណៈជនជាតិអាមេរិក២នាក់ ឈ្មោះ Keith Siegel និង Sagui Dekel-Chen ក៏នឹងស្ថិតក្នុងចំណោមបញ្ជីឈ្មោះចំណាប់ខ្មាំងត្រូវដោះលែងផងដែរ។ បើតាមក្រុមមន្ត្រីអ៉ីស្រាអែល នៅមានចំណាប់ខ្មាំង ៩៨នាក់ទៀតកំពុងស្ថិតក្នុងកណ្ដាប់ដៃ ក្រុមហាម៉ាស៕