Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Blinken៖ ផែនការក្រោយសង្រ្គាមហ្កាហ្សា ត្រូវផ្ទេរទៅឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ (Video inside)

15-01-2025 15:45

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានលើកឡើងនូវផែនការគ្រប់គ្រងតំបន់ហ្កាហ្សា ក្រោយសង្គ្រាមបិទបញ្ចប់ ដោយនិយាយថា រដ្ឋបាលលោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ឱ្យធ្វើកិច្ចការនេះបន្ត ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់សម្រេចបាន។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២៥។

ថ្លែងនៅឯវិទ្យាស្ថាន Atlantic Council ក្នុងទីក្រុងវ៉ាស៉ីនតោន នៅថ្ងៃចុងក្រោយក្នុងជានាមប្រមុខការទូតកំពូលអាមេរិក លោក Blinken និយាយថា ទីក្រុងវ៉ាស៉ីនតោនស្រមៃឃើញថា ទីក្រុងវ៉ាស៉ីនតោន ចង់ឱ្យមានការកែទម្រង់អាជ្ញាធរប៉ាឡេស្ទីន ដែលត្រូវដឹកនាំតំបន់ហ្កាហ្សា ហើយអញ្ជើញដៃគូអន្តរជាតិឱ្យជួយបង្កើត និងគ្រប់គ្រងរដ្ឋបាលបណ្តោះអាសន្នមួយ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ក៏បានបង្ហាញចក្ខុវិស័យការងារគ្រប់គ្រងដែនដីប៉ាឡេស្ទីន ក្រោយសង្គ្រាមផងដែរ ដោយនិយាយថា វាអាស្រ័យលើក្រុមហាម៉ាស ក្នុងការទទួលយកកិច្ចព្រមព្រៀងដែលកំណត់រួច។

គួរបញ្ជាក់ថា ពិធីស្បថចូលកាន់តំណែងថ្ងៃទី២០ ខែមករានៃលោក ត្រាំ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាថ្ងៃឱសានវាទជាក់ស្តែង សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់។ លោក ត្រាំ ធ្លាប់និយាយថានឹងចាត់វិធានការក្តៅ ប្រសិនបើចំណាប់ខ្មាំងមិនត្រូវបានក្រុមហាម៉ាសដោះលែង មុនពេលលោកចូលកាន់តំណែង ខណៈលោក បៃដិន វិញ ក៏បានអំពាវនាវឱ្យមានការជំរុញកិច្ចព្រមព្រៀងមួយ មុនពេលលោកចាកចេញពីសេតវិមាន៕