(ដាម៉ាស)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានធ្វើដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ ទៅកាន់ប្រទេសស៊ីរីនៅថ្ងៃអង្គារនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រមុខអង្គការសិទ្ធិមនុស្សពិភពលោក ទៅកាន់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ ២០២៥។
ដំណើរទស្សនកិច្ចនេះ កើតឡើងក្រោយការបណ្តេញអតីតប្រធានាធិបតី Bashar al-Assad ចេញពីអំណាចកាលពីខែមុន ដោយក្រុមឧទ្ទាម។ ក្រោមការដឹកនាំរបស់លោក Assad មន្ត្រីអង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្ស ត្រូវបានរារាំងមិនឱ្យចូលប្រទេសនេះ ដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនោះទេ។
លោក Türk គ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល ក្រុមសង្គមស៊ីវិល អ្នកការទូត និងស្ថាប័នអង្គការសហប្រជាជាតិ ក្នុងអំឡុងទស្សនកិច្ចរយៈពេល ៣ថ្ងៃរបស់លោក នៅប្រទេសស៊ីរីនិងលីបង់។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតនៃរបៀបវារៈ មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចបើកផ្លូវឱ្យមានការស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សក្នុងសម័យសង្គ្រាមស៊ីវិលនៅស៊ីរី និងជំរុញឱ្យមានការគោរពសិទ្ធិមនុស្សក្រោមរដ្ឋាភិបាលថ្មី៕