(ម៉ានីល)៖ នៅថ្ងៃអង្គារ ទី១៤ ខែមករានេះ ហ្វីលីពីនបានចោទប្រកាន់ចិន អំពីការបំភិតបំភ័យអ្នកនេសាទរបស់ខ្លួន នៅឯតំបន់មានវិវាទក្នុងសមុទ្រចិនខាងត្បូង ហើយចាត់ទុកថាជាវត្តមានខុសច្បាប់ បន្ទាប់ពីទីក្រុងប៉េកាំង បញ្ជូនកប៉ាល់ឆ្មាំសមុទ្រធំមួយគ្រឿង ចូលក្នុងតំបន់ដែនសមុទ្ររបស់ទីក្រុងម៉ានីល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងខែនេះ ហ្វីលីពីនបានតវ៉ាប្រឆាំងនឹង ការចូលមករបស់កប៉ាល់ចិនមួយចំនួន ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ រួមទាំងវត្តមានកប៉ាល់ប្រវែង ១៦៥ម៉ែត្រ ដែលគេប្រទះឃើញនៅចម្ងាយជាង ១៤០គីឡូម៉ែត្រ ពីខេត្ត Zambales ភាគខាងលិច។ សកម្មភាពថ្មីនេះ បានបង្កើនភាពតានតឹងដែលមានស្រាប់ រវាងហ្វីលីពីន និងចិនក្នុងរយៈពេល ២ឆ្នាំចុងក្រោយ។
លោក Jonathan Malaya អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានប្រាប់សន្និសីទសារព័ត៌មានដូច្នេះថា «យើងភ្ញាក់ផ្អើល ចំពោះការកើនឡើងនូវសកម្មភាព ដាក់ពង្រាយកប៉ាល់ឆ្មាំសមុទ្រចិន។ វាជាការបង្កហេតុ ហើយវត្តមានកប៉ាល់ទាំងនោះគឺខុសច្បាប់។ វាក៏ជាការប៉ុនប៉ងយ៉ាងច្បាស់ ដើម្បីបំភិតបំភ័យអ្នកនេសាទរបស់យើង»។
ជាការឆ្លើយតប ស្ថានទូតចិនក្នុងទីក្រុងម៉ានីល បានលើកឡើថា ថ្មប៉ះប្រះទឹក Scarborough Shoal ដែលខ្លួនហៅថា «Huangyan Dao» គឺជាទឹកដីរបស់ចិន ហើយសកម្មភាពរបស់ខ្លួនគឺស្របទៅតាមច្បាប់៕