(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកបានពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃចន្ទ ទី១៣ ខែមករា ពាក់ព័ន្ធនឹងគំនិតដាក់ពង្រាយកងទ័ពលោកខាងលិចនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គី មិនបាននិយាយថាតើលោកបានជជែកជាមួយលោក ម៉ាក្រុង ពីរឿងបញ្ជូនកងទ័ពប្រយុទ្ធ ឬកងកម្លាំងរក្សាសន្តិភាពឬក៏យ៉ាងណានោះទេ? «នៅថ្ងៃនេះ (ថ្ងៃចន្ទ) ខ្ញុំបានជជែកជាមួយលោកប្រធានាធិបតីបារាំង...យើងបានពិភាក្សាពីការគាំទ្រខាងវិស័យការពារជាតិ និងកញ្ចប់ជំនួយអាវុធសម្រាប់អ៊ុយក្រែន ហើយយើងក៏បាន ពិភាក្សាគ្នាផងដែរពីការដាក់ពង្រាយកងទ័ពពីប្រទេសជាដៃគូ និងការបណ្ដុះបណ្ដាលយោធារបស់យើង»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។
គួរបញ្ជាក់ថា លោក ម៉ាក្រុង គឺជាអ្នកដែលបានលើកឡើងពីគំនិតដាក់ពង្រាយកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន ក្នុងនោះកាលពីខែធ្នូកន្លងទៅ ប្រធានាធិបតីបារាំង រូបនេះបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk អំពីលទ្ធភាពដាក់ឱ្យកងកម្លាំងរក្សាសន្តិភាពឈរជើងនៅអ៊ុយក្រែន ប្រសិនបើមានបទឈប់បាញ់ ណាមួយរវាងរុស្ស៉ី និងអ៊ុយក្រែន៕