(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃអង្គារ ទី១៤ ខែមករានេះ បានបាញ់សាកល្បងមីស៊ីលមួយគ្រាប់ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កូរ៉េខាងត្បូងភ្លាមៗមិនទាន់ចែករំលែកព័ត៌មានលម្អិតជុំវិញការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងនៅឡើយទេ។ ការធ្វើតេស្ដមីស៊ីលនៅថ្ងៃអង្គារនេះដែរ កើតមានឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីព្យុងយ៉ាង បានអះអាងពីការបាញ់សាកល្បងមីស៊ីលបាលិស្ទីគ hypersonic ស៊េរីថ្មីមួយគ្រាប់ ដែលនេះជាការធ្វើតេស្ដមីស៊ីលលើកដំបូងចាប់តាំងពីលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកាមក និងចំពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុតកាលពីខែវិច្ឆិកា ត្រូវបានកូរ៉េខាងជើងបញ្ជាក់ថាជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ប្រើឥន្ធនៈរឹងដ៏ធំ និងទំនើបបំផុតរបស់ខ្លួន។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ចូលសមុទ្រ ជាការបង្ហាញសាច់ដុំ។ ចំណែក សហរដ្ឋអាមេរិកវិញបានចោទកូរ៉េខាងជើងថាកំពុងទទួលបានការគាំទ្រពីរុស្ស៉ីជាថ្នូរនឹងការបញ្ជូនអាវុធ និងកងទ័ព ទៅជួយកងកម្លាំងរុស្ស៉ី។ ប៉ុន្តែទាំងកូរ៉េខាងជើង និងរុស្ស៉ី មិនបានទទួលស្គាល់ជាផ្លូវការពីវត្តមានកងទ័ពកូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែននោះទេ៕