(ប្រ៊ុចសែល)៖ ប្រទេសចំនួន ៦ របស់សហភាពអឺរ៉ុប បានអំពាវនាវឱ្យប្លុកនេះផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មលើប្រទេសស៊ីរី ក្នុងវិស័យសំខាន់ៗដូចជា ការដឹកជញ្ជូន ថាមពល និងធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសទាំង៦ នោះរួមមាន អាល្លឺម៉ង់ បារាំង ហូឡង់ អេស្ប៉ាញ ហ្វាំងឡង់ និងដាណឺម៉ាក។

រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប នឹងជួបប្រជុំគ្នានៅថ្ងៃទី ២៧ ខែមករា នៅទីក្រុងប្រ៊ុចសែលដើម្បីពិភាក្សាលើបញ្ហានេះយ៉ាងលម្អិត។ ការពិចារណានេះ កើតឡើង បន្ទាប់ពីកងកម្លាំងឧទ្ទាមដឹកនាំ ដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham (HTS) បានផ្តួលរំលំលោក Bashar al-Assad កាលពីខែមុន។

ក្នុងឯកសាររួមនៃប្រទេសទាំងប្រាំមួយបានលើកឡើងថា សហភាពអឺរ៉ុប «គួរតែចាប់ផ្តើមកែសម្រួលរបបទណ្ឌកម្មរបស់ខ្លួន ជាបន្ទាន់»។ ទោះជាយ៉ាងណា ក្រុមប្រទេសទាំងនេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ថា ការបន្ធូរបន្ថយទណ្ឌកម្មណាមួយ នឹងត្រូវធ្វើឡើងក្រោមលក្ខខណ្ជាក់លាក់ពោលគឺ រដ្ឋាភិបាលថ្មីរបស់ស៊ីរី ត្រូវតែបង្ហាញពីការប្តេជ្ញាចិត្តគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិរបស់ជនជាតិភាគតិច។ លើសពីនេះ ប្រទេសទាំងប្រាំមួយក៏បានព្រមាន ពីលទ្ធភាពនៃការដាក់ទណ្ឌកម្មឡើងវិញ ប្រសិនបើលក្ខខណ្ឌទាំងនេះមិនត្រូវបានបំពេញ។

គួរបញ្ជាក់ថា សំណើបន្ធូរបន្ថយទណ្ឌកម្មលើស៊ីរីនេះ រួមមានការដកទណ្ឌកម្មដើម្បីសម្រួលដល់ការហោះហើរស៊ីវិល ការពិនិត្យឡើងវិញនូវទណ្ឌកម្មលើទំនិញមានតម្លៃខ្ពស់ ការដកចេញការហាមឃាត់ការនាំចេញ លើបច្ចេកវិទ្យា ប្រេង និងឧស្ម័ន និងការបើកបណ្តាញហិរញ្ញវត្ថុ រវាងសហភាពអឺរ៉ុបនិងស៊ីរីឡើងវិញ។ ចំណែកទណ្ឌកម្មប្រឆាំងនឹងសមាជិករបបលោក Assad និងអ្នកគាំទ្រ ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក្នុងអំឡុងសង្គ្រាមស៊ីវិល នឹងត្រូវរក្សាទុកដដែល៕