(តូក្យូ)៖ គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។
រលកយក្សស៊ូណាមិ កម្រិតកម្ពស់ ២០សង់ទីម៉ែត្រត្រូវបានកត់ត្រានៅទីក្រុង Miyazaki ដែលមានប្រជាជនប្រហែល ៤០០.០០០ នាក់។ ទោះបីជាយ៉ាងណា មិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរត្រូវបានទទួលនោះទេ ហើយក៏គ្មានភាពមិនប្រក្រតីណាមួយ ត្រូវបានគេរាយការណ៍នៅរោងចក្រថាមពលនុយក្លេអ៊ែរ Ikata និង Sendai ដែលស្ថិតនៅជិតចំណុច កណ្តាលនៃគ្រោះរញ្ជួយដីដែរ។
JMA កំពុងស៊ើបអង្កេតថាតើ គ្រោះរញ្ជួយដីនេះមានទំនាក់ទំនងជាមួយ Nankai Trough ដែលជាតំបន់បាតសមុទ្រដ៏ជ្រៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងត្រូវបាន គេស្គាល់ថា មានហានិភ័យខ្ពស់ក្នុងការបង្កឱ្យមានគ្រោះរញ្ជួយដីខ្លាំង ដែរឬទេ។ កាលពីខែសីហា ជប៉ុនបានចេញការព្រមានជាលើកដំបូង អំពីហានិភ័យខ្ពស់ជាងធម្មតានៃគ្រោះរញ្ជួយដី បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅតំបន់នេះ៕