(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១២ ខែមករា បានអំពាវនាវឱ្យបណ្តាសម្ព័ន្ធមិត្ត គោរពតាមពាក្យសន្យានានារបស់ខ្លួន ស្តីពីការផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមទាំងអាវុធ សម្រាប់ទប់ទល់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បាននិយាយថា អំឡុងពេល១សប្តាហ៍កន្លងទៅនេះ រុស្ស៉ីបានធ្វើការវាយប្រហារតាមផ្លូវអាកាសជាច្រើនលើក មកលើអ៊ុយក្រែន ដោយគ្រាប់បែកវាយប្រហារតាមអាកាសជិត៧០០គ្រាប់ និងដ្រូនអត្តឃាតជាង៦០០គ្រឿង ត្រូវបានប្រើប្រាស់។ កាលពីថ្ងៃដដែលនោះ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានអះអាងថា ពួកគេបានបាញ់ស្កាត់ដ្រូន៦០គ្រឿង ក្នុងចំណោម៩៤គ្រឿងថ្មីទៀត ដែលបាញ់មកពីរុស្ស៉ី ខណៈ៣៤គ្រឿង ត្រូវបង្វែរគោលដៅ ដោយប្រើយុទ្ធវិធីអេឡិចត្រូនិក។
លោកប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះសារលើប្រព័ន្ធ Telegram ថា រៀងរាល់សប្តាហ៍ សង្រ្គាមរុស្ស៉ីនៅតែបន្ត ដោយសារតែកងទ័ពរុស្ស៉ី នៅរក្សាសមត្ថភាពរបស់ខ្លួន ក្នុងការបំភិតបំភ័យអ៊ុយក្រែន ដោយប្រើប្រាស់ឧត្តមភាពលើរបស់ខ្លួន លើដែនអាកាស។ ហេតុដូច្នេះហើយ លោកបានអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងឡាយ គោរពការព្រមព្រៀងនានា ដែលសម្រេចបានកន្លងមក ក្នុងនោះមានទាំងការសម្រេចចិត្ត អំឡុងកិច្ចប្រជុំកំពូល NATO នៅទីក្រុងវ៉ាស៉ីនតោន ហើយនិងអំឡុងកិច្ចប្រជុំជាបន្តបន្ទាប់ នៅមូលដ្ឋានយោធា Ramstein នៃប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធទៅការផ្តល់ប្រព័ន្ធការពារដែនអាកាស ឱ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី បានអះអាងថា រូបលោកបានពិភាក្សាជាមួយបណ្តាដៃគូ និងសហរដ្ឋអាមេរិក ស្តីពីលទ្ធភាពផ្តល់ឱ្យអ៊ុយក្រែននូវអាជ្ញាបណ្ណ ដើម្បីផលិតប្រព័ន្ធ ក៏ដូចជាមីស៉ីលសម្រាប់ការពារដែនអាកាស៕