(ឆេក)៖ មនុស្ស ៦ នាក់បានស្លាប់ និង ៨ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីធុងហ្គាសមួយបានផ្ទុះនៅភោជនីយដ្ឋានមួយ ក្នុងភាគពាយព្យនៃទីក្រុង Most ប្រទេសឆេក កាលពីល្ងាចថ្ងៃសៅរ៍។ ការផ្ទុះនេះបានបណ្តាលឱ្យអគារទាំងមូលរងការឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
សេវាសង្គ្រោះអគ្គីភ័យឆេក បានបញ្ជាក់តាមរយៈបណ្តាញសង្គម X ថា ប្រជាពលរដ្ឋចំនួន ៣០ នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាព ចេញពីភោជនីយដ្ឋាននិងអគារជុំវិញ ដោយបានបន្ថែមថា «យោងតាមព័ត៌មានបឋមដែលទទួលបានពីសាក្សី ហេតុការណ៍នេះទំនងជាបណ្តាលមកពីម៉ាស៊ីនកម្តៅមួយគ្រឿង បានដួលក្រឡាប់និងបង្កជាអគ្គិភ័យ»។
វិទ្យុឆេកបានគូសបញ្ជាក់ថា កងពន្លត់អគ្គីភ័យបានជួយសង្គ្រោះភ្ញៀវម្នាក់ ដែលរងរបួសធ្ងន់និងជាប់ក្នុងបន្ទប់ទឹក ហើយពេលកើតហេតុមានភ្ញៀវប្រហែល ២០នាក់ នៅក្នុងភោជនីយដ្ឋាន៕