(សិង្ហបុរី)៖ រថយន្ដក្រុងគ្មានមនុស្សបើកបច្ចេកវិទ្យាចុងក្រោយថ្មីមួយ អាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅលើដងផ្លូវក្នុងប្រទេសសិង្ហបុរី ក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចសាកល្បងដឹកអ្នកដំណើរ ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ទៅកាន់តំបន់ Clean Tech Park ឬក៏អាចទៅរហូតដល់ស្ថានីយ៍ Pioneer MRT ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
សាលកវិទ្យាល័យបច្ចេកវិទ្យា Nanyang និងអាជ្ញាធរដឹកជញ្ជូនសិង្ហបុរី ដែលជាអ្នកដឹកនំាគំរោងនេះបានឱ្យដឹងថា «រថយន្ដក្រុងគ្មានមនុស្សបើកដើរដោយថាមពលអគ្គីសនីនេះ មានបណ្ដាយ ១២ម៉ែត្រ អាចផ្ទុកអ្នកដំណើរបានរហូតដល់៨០នាក់ និងត្រូវចរាចរណ៍នៅលើដងផ្លូវ ចាប់ពីសាកលវិទ្យាល័យ Nanyang ទៅកាន់តំបន់ Clean Tech Pak ស្ថិតក្នុងសង្កាត់ Jurong ឬអាចធ្វើដំណើររហូតដល់ស្ថានីយ៍ Pioneer MRT នៅពេលអានាគតដ៏ខ្លីខាងមុខនេះ។
បន្ថែមពីលើនេះ រថយន្ដក្រុងខាងលើនេះក៏នឹងមានបំពាក់ផងដែរប្រព័ន្ធបង់ប្រាក់ ដោយស្វ័យប្រវត្តិផងដែរ។ ការអភិវឌ្ឍរបស់សិង្ហបុរីខាងលើនេះ នឹងអាចកាត់បន្ថយការកកស្ទះចរាចរណ៍ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេស ដែលមានផ្ទៃតូចប៉ុន្តែប្រជាជនច្រើននាំឲ្យវិស័យដឹកជញ្ជូនកាន់តែមមាញឹក៕