(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា បានអះអាងថាអ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះគឺជាលើកដំបូងបំផុតដែលអ៊ុយក្រែនប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេបានប្រឡូកក្នុងសង្រ្គាមកាលពីពេលថ្មីៗនេះ»។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយឱ្យទៅជួយកងកម្លាំងរុស្ស៉ី កាលពីខែតុលា ឆ្នាំ២០២៤ ខណៈបើតាមទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ជាង ១០ ០០០នាក់ ឬច្រើនជាងនេះកំពុងប្រយុទ្ធនៅលើសមរភូមិ។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បាននិយាយថាទាហានកូរ៉េខាងជើងដែល ត្រូវបានចាប់ខ្លួនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកៀវ។ «ដូចគ្នាទៅនឹងឈ្លើយសឹកទាំងអស់ ទាហានកូរ៉េខាងជើងទាំង២នាក់នេះកំពុងទទួលបានការព្យាបាល»។ នេះជាការបញ្ជាក់ របស់លោក ហ្សេលេនស្គី ជាមួយការបន្ថែមថាអ្នកសារព័ត៌មាននឹងត្រូវបានអនុញ្ញាតឱ្យជួបនិយាយជាមួយទាហានកូរ៉េខាងជើងទាំង២រូប។
គួរបញ្ជាក់ថា អ៊ុយក្រែនបានឱ្យដឹងថាទាហានកូរ៉េខាងជើងកំពុងជួយកងកម្លាំងរុស្ស៉ី នៅក្នុងតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកថ្មើរជើង កាលពីខែសីហា ឆ្នាំមុន និងកំពុងកាន់កាប់ទឹកដីមួយចំនួន។ ទីក្រុងព្យុងយ៉ាងក៏រងការចោទប្រកាន់ដែរថាបានបញ្ជូនអាវុធទៅឱ្យរុស្ស៉ី តែទាំងរុស្ស៉ី និងកូរ៉េខាងជើងមិនបានទទួលស្គាល់នោះទេ ហើយក៏ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការអះអាងរបស់លោក ហ្សេលេនស្គី អំពីទាហានកូរ៉េខាងជើងដែលត្រូវបានចាប់ខ្លួនជាឈ្លើយសឹកនោះដែរ៕