(បាងកក)៖ ប៉ូលិសថៃ កំពុងតែធ្វើការស៊ើបអង្កេតទៅលើករណីជេរប្រមាថលើក្រុមគ្រួសារ ព្រះមហាក្សត្រថៃ នៅលើបណ្តាសង្គមសរុបចំនួន ១២ករណី ដែលបានកើតមានឡើង ចាប់តាំងពីព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតកាលពីសប្តាហ៍មុនមកម្ល៉េះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
សារព័ត៌មានខាងលើបានបន្តទៀតថា ការសោយទិវង្គតនៃព្រះមហាក្សត្រថៃ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននេះ បាននាំឲ្យសម្ព័ន្ធមិត្តថៃទូទាំងពិភពលោក ជាពិសេសតំបន់ អាស៊ាន ចូលរួមសម្តែងនូវសមានទុក្ខដូចៗគ្នា ក៏ប៉ុន្តែការរិះគន់ និងជេរប្រមាថ និង រិះគន់លើរាជ្យវង្សថៃ ដែលគ្រងរាជ្យសម្បត្តិអស់ ៧ទសវត្សរ៍នេះ ក៏កើនឡើងខ្លាំងផងដែរ។
គួរបញ្ជាក់ថា ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ត្រូវបានប្រជាជនក្នុងប្រទេសចាត់ទុកជាក្សត្រ ដែលតែងតែបានដើរតួបង្រួម និង ដោះស្រាយទំនាស់នយោបាយជាច្រើន នៅក្នុងប្រទេសថៃ ដែលល្បីល្បាញខាងធ្វើរដ្ឋប្រហារ ខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីនេះ។ ដោយឡែកសម្រាប់ ការប្រកាសពីករណីជេរប្រមាថស្តេចកើនឡើងនេះ បានកើតមានតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក ប្រាយុទ្ធ ច័ន្ទអូចា ប្រកាសថានឹងទាមទារឲ្យបណ្តាប្រទេសជាមិត្តថៃ ផ្តល់បត្យាប័ននាំខ្លួន ជនណាក៏ដោយ ដែលបានជេរប្រមាថស្តេចថៃ ឲ្យមកទទួលទោសនៅប្រទេសថៃវិញ។
តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ជនណាក៏ដោយដែលបានប្រើពាក្យមាក់ងាយដល់ គ្រួសារស្តេច ឬអង្គព្រះមហាក្សត្រ នឹងត្រូវទទួលទោសដាក់ពន្ធនាគារយ៉ាងហោចណាស់ចាប់ពី រយៈពេល ១៥ឆ្នាំឡើង តាមស្ថាននៃទម្ងន់ទោស៕