(មីយ៉ាន់ម៉ា)៖ អាជ្ញាធរមីយ៉ាន់ម៉ាបានឱ្យដឹងនៅរសៀលថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍លិចទូកដឹកអ្នកដំណើរមួយគ្រឿង កាលពីសប្ដាហ៍កន្លងទៅ បានកើនឡើង ដល់ជិត ៥០នាក់ និង១៥០នាក់ត្រូវបានសង្គ្រោះឲ្យរួចរស់ជីវិត ខណៈមនុស្សជាច្រើននាក់ ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
សមាជិកសភា លោក Tun Tun Win បាននិយាយដែរថា «មកទល់នឹងពេលនេះ យើងបានរកឃើញសាកសពមនុស្ស ៤៨នាក់ ដោយ ២៣នាក់ ក្នុងចំណោមនោះជាស្ត្រី ខណៈមនុស្ស ១៧នាក់ទៀតនៅតែបន្តបាត់ខ្លួននៅឡើយ»។ ដោយឡែកបើតាមអាជ្ញាធរមីយ៉ាន់ម៉ាបានអះអាងថា ទូកដឹកអ្នកដំណើរ ដែលក្រឡាប់លិចខាងលើអាចផ្ទុកមនុស្សបានត្រឹមតែ ១២០នាក់ប៉ុណ្ណោះ ប៉ុន្តែទូកនេះបែរជាដឹកលើសចំណុះដល់ទៅជាង ៣០០នាក់។ ម្យ៉ាងវិញទៀតនៅថ្ងៃពុធនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តការងារស្វែងអ្នកបាត់ខ្លួន ហើយមនុស្សយ៉ាងហោចណាស់ ០៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រោះថ្នាក់លិចទូកនេះ។
គួរបញ្ជាក់ថា ហេតុការណ៍លិចទូកដឹកអ្នកដំណើរ ដែលភាគច្រើនជាគ្រូបង្រៀន និងនិស្សិតបានកើតឡើងកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុននៅវេលាម៉ោង ៥៖០០នាទីព្រឹក នៅឯទន្លេ Chindwin ក្នុងទីក្រុង Sagaing ស្ថិតនៅចំងាយ ១៣៧គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុង Mandalay ដែលស្ថិតនៅភាគកណ្ដាលប្រទេស មីយ៉ាន់ម៉ា៕