(ប្រ៊ុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃទី ២០ ខែមករាខាងមុខនេះទេ នេះបើយោងតាមអ្នកនាំពាក្យរបស់លោកស្រី បានបញ្ជាក់នៅថ្ងៃសុក្រនេះ។
អ្នកនាំពាក្យ លោកស្រី Paula Pinho បានថ្លែងទៅកាន់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «ប្រសិនបើលោកស្រីទទួលបានការអញ្ជើញ នោះយើងនឹងឃើញ ប៉ុន្តែមិនមានគម្រោងដើម្បីចូលរួមពិធីចូលកាន់តំណែងនៅពេលនេះទេ»។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះបានអញ្ជើញមេដឹកនាំបរទេសជាច្រើននាក់ មកចូលរួមក្នុងពិធីនេះ។ ក្នុងចំណោម អ្នកដែលបានទទួលការអញ្ជើញ រួមមាន ប្រធានាធិបតីចិន Xi Jinping, អតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។ ទោះបីជាយ៉ាងណា យោងតាមរបាយការណ៍ លោក Xi នឹងមិនចូលរួម ដោយផ្ទាល់ទេ ប៉ុន្តែនឹងបញ្ជូនបេសកជនជាន់ខ្ពស់មកជំនួសវិញ។
គួរបញ្ជាក់ថា ការអញ្ជើញមេដឹកនាំបរទេស ឱ្យចូលរួមពិធីចូលកាន់តំណែងផ្លូវការគឺជាការបំបែកទំនៀមទម្លាប់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ និងការពិភាក្សាជាច្រើន។ អ្នកខ្លះយល់ថា នេះជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរ នៅក្នុងគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក៕