Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris សម្រេចចិត្តលុបចោល គម្រោងទស្សនកិច្ចទៅក្រៅប្រទេស ដោយសារមហន្តរាយភ្លើងឆេះព្រៃ នៅ California

10-01-2025 14:00

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា សេតវិមានបានប្រកាសថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានលុបចោលគម្រោងបំពេញទស្សនកិច្ចរបស់លោកស្រី ទៅកាន់ប្រទេសសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់ ដោយសារតែ​មហន្តរាយភ្លើងឆេះព្រៃ ដែលកំពុងបន្តវាយប្រហារនៅរដ្ឋ California។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេតវិមានបានប្រកាសដូច្នេះថា «ជាការឆ្លើយតបចំពោះ ភ្លើងឆេះព្រៃធ្ងន់ធ្ងរមិនធ្លាប់មាន នៅទីក្រុង Los Angeles លោកស្រី Harris បានសម្រេចចិត្តលុបចោល គម្រោងធ្វើទស្សនកិច្ច របស់លោកស្រី ទៅកាន់ប្រទេសសិង្ហបុរី បារ៉ែន និងអាល្លឺម៉ង់»។ គម្រោងទស្សនកិច្ច ដែលត្រូវបានលុបចោលនេះ គឺទំនងជាដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកស្រី ក្នុងនាមជាអនុប្រធានាធិបតីអាមេរិក មុនពេលត្រូវចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករា។

កាលពីថ្ងៃពុធ សេតវិមានក៏បានប្រកាសពីការសម្រេចចិត្តលុបចោល គម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៉ីតាលី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ក្រោមហេតុផលថា លោក បៃដិន ចង់ផ្តោតលើការងារដឹកនាំ កិច្ចប្រឹងប្រែង​របស់រដ្ឋាភិបាលសហព័ន្ធ ដើម្បីឆ្លើយតបភ្លើងឆេះព្រៃ នៅរដ្ឋ California។ ពីដំបូងឡើយ លោក បៃដិន គ្រោងធ្វើទស្សនកិច្ចទៅ​អ៉ីតាលី ដើម្បីជួបសម្តេចសង្ឃកាតូលិក ប៉ាប ហ្រ្វង់ស៉ី ព្រមទាំងប្រធានាធិបតីអ៉ីតាលី លោក Sergio Mattarella និង នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី Giorgia Meloni។

គួរបញ្ជាក់ថា ទីក្រុង Los Angeles កំពុងប្រឈមមុខជាមួយ គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្ស យ៉ាងហោច១០នាក់ បំផ្លិចបំផ្លាញលំនៅដ្ឋានរាប់ពាន់ខ្នង បង្ខំឱ្យមនុស្សជិត២ម៉ឺននាក់ ជម្លៀសខ្លួន និងឆាបឆេះផ្ទៃដីប្រហែល ១២ ៥០០ហិកតា៕