(ម៉ានីល)៖ ព្យុះទីហ្វុងស៊ូបភើហៃម៉ា(Super Haima) នៅតែបន្តធ្វើដំណើរយ៉ាងកម្រោល ឆ្ពោះទៅកាន់កោះ Luzon នៃប្រទេសហ្វីលីពីន ដោយបានបង្ខំឱ្យអាជ្ញាធរហ្វីលីពីន ប្រកាសដាក់ ទីក្រុងម៉ានីល និងតំបន់មួយចំនួននៅភាគខាងជើងប្រទេស ក្នុងភាពអាសន្នកម្រិតខ្ពស់។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
ការិយាល័យឧតុនិយមហ្វីលីពីន បានឱ្យដឹងថា នៅថ្ងៃពុធនេះ ព្យុះទីហ្វុងស៊ូបភើហៃម៉ា បានធ្វើដំណើរមកដល់ចំងាយ ៤៥០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុង Casiguran ស្ថិតក្នុងខេត្ត Aurora ហើយវាអាចនឹងបក់បោក ក្នុងលឿន ២១០ គីឡូម៉ែត្រ ឬកើនដល់ ២៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង មុននឹងបក់បោកទៅកាន់ភាគពាយ័ព្យក្នុងល្បឿង ២៦គីឡូម៉ែត្រក្នុងមួយម៉ោង។
ជាមួយគ្នានេះដែរ ការិយាល័យឧតុនិយមហ្វីលីពីន បានព្យាករណ៍ថាខ្យល់ព្យុះទីហ្វុងហៃម៉ា នឹងអាចវាយប្រហារទៅលើតំបន់ Cagayan នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះមុននឹងវា ធ្វើដំណើរបន្តទៅកាន់ខេត្ត Apayao និងខេត្ត Ilocos Norte ដោយនំាមកជាមួយនូវ ភ្លៀងធ្លាក់ខ្លំាង ដែលអាចបង្កជាគ្រោះរអិលបាក់ដីថែមទៀត។
គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន មនុស្សយ៉ាងហោចណាស់ពីរនាក់ក៏បានបាត់បង់ជីវិតផងដែរ និង ១៥០,០០០ ជម្លៀសខ្លួននៅហ្វីលីពីន ដោយសារព្យុះទីហ្វុងសារីកា វាយប្រហារតំបន់ ភាគខាងជើងប្រទេសដីកោះមួយនេះ៕