Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែន៖ រុស្ស៊ីទម្លាក់គ្រាប់បែកនាំផ្លូវ guided bombs ជាង ៥១.០០០ គ្រាប់ ចាប់តាំងពីសង្រ្គាមចាប់ផ្តើម (Video inside)

09-01-2025 23:24

(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសដែលមានសមត្ថភាពរុករក ឬហៅថា guided bombs ជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញទំហឹង កាលពីជិតបីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥។

គ្រាប់​បែក​ទាំងនេះ ដែល​ត្រូវ​បាន​គេ​ស្គាល់​ផងដែរថា ​ជា​គ្រាប់​បែក​រអិល (glide bombs) មាន​សមត្ថភាព​បំផ្លិចបំផ្លាញ​ខ្ពស់​ និង​ពិបាក​ក្នុង​ការ​ស្ទាក់​ចាប់។ វាជាអាវុធធម្មតា ដែលជារឿយៗ ផលិតឡើងក្នុងសម័យសូវៀត តែត្រូវបានបំពាក់បន្ថែម នូវស្លាបនិងប្រព័ន្ធរុករក ដោយផ្កាយរណបដើម្បីបង្កើនរយៈចម្ងាយ និងភាពជាក់លាក់។

កងទ័ពអាកាសអ៊ុយក្រែន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ តាមរយៈកម្មវិធីផ្ញើសារ Telegram ថា ក្នុងឆ្នាំ ២០២៤ តែមួយ រុស្ស៊ីបានប្រើប្រាស់គ្រាប់បែកប្រភេទនេះ ប្រមាណ ៤០.០០០ គ្រាប់ នៅក្នុងប្រទេសអ៊ុយក្រែន។

មន្ត្រីអ៊ុយក្រែនបានឱ្យដឹងថា តំបន់ដែលនៅជិតទីតាំងជួរមុខ ក៏ដូចជាតំបន់ជាប់ព្រំដែនរុស្ស៊ី គឺជាគោលដៅ ញឹកញាប់បំផុតនៃការវាយប្រហារដោយអាវុធទាំងនេះ។

កាលពីថ្ងៃពុធ រុស្ស៊ីបានទម្លាក់គ្រាប់បែកដឹកនាំ ចំនួនពីរគ្រាប់លើតំបន់លំនៅដ្ឋានមួយ ក្នុងទីក្រុង Zaporizhzhia ភាគអាគ្នេយ៍ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣ នាក់ស្លាប់ និង ១១៣នាក់រងរបួស ដែលជាការវាយប្រហារដ៏សាហាវបំផុតក្នុងឆ្នាំនេះ។ ហើយនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ទៅ​លើ​អគារ​លំនៅឋាន​ ក្នុង​ទីក្រុង Kherson ភាគ​ខាង​ត្បូង​ បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ៦នាក់​រង​របួសផងដែរ។

គួរបញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែនបានអះអាងថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត ក្នុងការទប់ទល់នឹងការវាយប្រហារ ដោយគ្រាប់បែកដឹកនាំគឺត្រូវកំណត់គោលដៅ ទៅលើយន្តហោះចម្បាំង ដែលផ្ទុកគ្រាប់បែកទាំងនោះ និងអាកាសយានដ្ឋាន ដែលជាមូលដ្ឋានរបស់យន្តហោះទាំងនោះ៕