អ៉ីស្រាអែល រឹតបន្តឹងការផ្សព្វផ្សាយពីសកម្មភាពរបស់ទាហាន ចំពោះមុខការបារម្ភជុំវិញបទចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្រ្គាម (Video inside)
09-01-2025 15:55
(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែល បានដាក់ចេញនូវការរឹតបន្តឹងថ្មី លើការផ្សព្វផ្សាយអំពីសកម្មភាពរបស់ទាហាន កំឡុងពេលបំពេញកាតព្វកិច្ចប្រយុទ្ធ ចំពេលមានការព្រួយបារម្ភខ្លាំង ពីហានិភ័យនៃចំណាត់ការផ្លូវច្បាប់លើទាហានបម្រុង ដែលធ្វើដំណើរទៅក្រៅប្រទេស ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាម នៅតំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។
អ្នកនាំពាក្យយោធា លោក Nadav Shoshani បានប្រាប់អ្នកសារព័ត៌មានថា នៅក្រោមច្បាប់ថ្មី ប្រព័ន្ធផ្សព្វផ្សាយ ដែលសម្ភាសទាហាន មានឋានៈត្រឹមវរសេនីយ៍ នឹងមិនអាចបង្ហាញឈ្មោះពេញ ឬមុខមាត់របស់ពួកគេបានទេ។ អ្នកផ្តល់បទសម្ភាស ក៏មិនត្រូវរៀបរាប់ជាក់លាក់ពីព្រឹត្តិការណ៍ប្រយុទ្ធនោះដែរ។ លោក Shoshani បញ្ជាក់ថា «នេះជាគោលការណ៍ណែនាំថ្មីរបស់យើង ដើម្បីការពារទាហាន និងធ្វើឱ្យប្រាកដថា ពួកគេមានសុវត្ថិភាពពីរឿងហេតុ ដែលរៀបចំដោយអ្នកប្រឆាំងអ៉ីស្រាអែល នៅជុំវិញពិភពលោក»។
លោកថា Shoshani បានឱ្យដឹងទៀតថា ក្រោមច្បាប់យោធាដែលមានស្រាប់ ទាហានមិនគួរបង្ហោះវីដេអូ និងរូបភាពផ្សេងៗពីតំបន់សង្រ្គាម នៅលើគណនីបណ្តាញសង្គមរបស់ខ្លួនឡើយ ទោះបីជាមិនល្អឥតខ្ចោះតែយើងមានកងទ័ពដ៏ធំ ដែលមានច្បាប់ និងការណែនាំជាយូរមកហើយ សម្រាប់ទាហានដែលធ្វើដំណើរទៅក្រៅប្រទេស។
គួរបញ្ជាក់ថា ចំណាត់ការនេះត្រូវបានដាក់ចេញ បន្ទាប់ពីទាហានបម្រុងម្នាក់របស់អ៉ីស្រាអែល ដែលទៅវិស្សមកាលនៅប្រេស៉ីល បានចាកចេញពីប្រទេសនេះភ្លាមៗ ពេលដែលចៅក្រមប្រេស៉ីលបញ្ជា ឱ្យប៉ូលិសសហព័ន្ធបើកការស៉ើបអង្កេត បន្ទាប់ពីការមានចោទប្រកាន់ពីក្រុមគាំទ្រប៉ាឡេស្ទីនថា លោកបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ពេលបំពេញប្រតិបត្តិការ នៅតំបន់ហ្កាហ្សា៕