(ហែលស៉ិនគី)៖ រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយថា សមាជិកភាពនៅក្នុងអង្គការណាតូ (NATO) គឺជាការធានាសន្តិសុខរយៈពេលវែង និងអាចជឿទុកចិត្តបានតែមួយគត់សម្រាប់អ៊ុយក្រែន ប្រឆាំងការឈ្លានពានរបស់រុស្ស៉ី នាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។

ដោយសំដៅលើការការពារជាសមូហភាព លោកស្រី Valtonen បានប្រាប់ Reuters នៅឯទីក្រុងកៀវ ដូច្នេះថា «ខ្ញុំគិតថា មានតែមាត្រា ៥នៃសន្ធិសញ្ញាវ៉ាស៉ីនតោនទេ ទើបអាចធានាបាននូវស​ន្តិសុខរយៈពេលវែង ដូច្នេះសមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ គឺពិតជាសំខាន់។ យើងកំពុងគាំទ្រសមាជិកភាពនេះ ហើយសង្ឃឹមថាមិនយូរពេកទេ វានឹងអាចទៅរួច»

គួរបញ្ជាក់ថា ការវិលត្រលប់មកគ្រប់គ្រងសេតវិមានវិញ របស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បាននាំមកនូវភាពស្រពិចស្រពិល ជុំវិញដំណោះស្រាយនយោបាយ ដើម្បីបិទបញ្ចប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ហើយប្រធានាធិបតី លោក ហ្សេលេនស្គី កំពុងអំពាវនាវរកការធានាសន្តិសុខអ៊ុយក្រែន ពីសំណាក់សម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការឈ្លានពានជាថ្មីណាមួយ៕