(បាងកក)៖ ខណៈប្រទេសថៃកំពុងស្ថិតនៅក្នុងអំឡុងពេល នៃការកាន់ទុក្ខចំពោះការសោយទិវង្គត របស់ព្រះមហាក្សត្រព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ប្រជាជនថៃរាប់ម៉ឺននាក់ ជាពិសេសយុវវ័យ បានបង្ហាញពីទុក្ខសោកយ៉ាងជ្រាលជ្រៅរបស់ ពួកគេដោយធ្វើការសាក់នៅលើខ្លួនប្រាណ ដើម្បីរក្សាទុកនៅក្នុងចិត្តជារៀងរហូត នូវការចង់ចាំជាលើកចុងក្រោយ នៃព្រះរាជាដែលពួកគេស្រឡាញ់ស្មើនឹងជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។
បច្ចុប្បន្នបណ្តាហាងសាក់រូបនានា នៅទូទាំងប្រទេសថៃ មានភាពមមាញឹកជាខ្លាំង ដោយមនុស្សម្នាជាច្រើន បានទៅកាន់ទីនោះ ដើម្បីសាក់ជារូបសញ្ញានិងអក្សរផ្សេងៗ ដែលទាក់ទងនឹងព្រះមហាក្សត្ររបស់ពួកគេ។ ហាងសាក់រូប The Sak Lai ដែលស្ថិតនៅ ចំកណ្តាលទីក្រុងបាងកក បានរៀបចំនូវគំរូរូបសាក់មួយចំនួន ដែលបង្ហាញពីការគោរពចំពោះព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត ដោយរួមបញ្ចូលទាំងនិមិត្តសញ្ញាលេខ «៩» របស់ថៃផងដែរ ពីព្រោះថា ទ្រង់គឺជាព្រះមហាក្សត្រទី៩ នៃសម័យចក្រី (Chakri Dynasty) ដែលមានអាយុកាល ២៣៤ឆ្នាំ។
លោក Piyaphan Phanwiroj ដែលជាមន្រ្តីយោធាមួយរូប បានសាក់ឃ្លាមួយនៅកញ្ចឹងក របស់លោក ជាភាសាថៃថា «ខ្ញុំបានកើតនៅក្នុងសម័យនៃស្តេចរាមាទី៩ (ដែលសំដៅទៅលើ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត)»។ លោក បានបញ្ជាក់ថា «រូបសាក់នៅលើដងខ្លួន មិនត្រឹមតែបង្ហាញពីសេចក្តីស្រឡាញ់ប៉ុណ្ណោះទេ វាបង្ហាញពីការគោរព ការស្តាប់បង្គាប់ និងភាពស្មោះត្រង់ ចំពោះព្រះមហាក្សត្រទៀតផង ហើយអក្សរមួយឃ្លានេះ នឹងក្រើនរំលឹកខ្ញុំឲ្យខិតខំបំពេញតួនាទីបន្ថែមទៀតដើម្បីប្រទេសរបស់ខ្ញុំ។ ចំណែកឯនៅពេលដែលស្ថិតនៅក្នុង ភាពអស់សង្ឃឹម វានឹងរំលឹកខ្ញុំអំពីរាល់កិច្ចការងារលំបាក ដែលព្រះអង្គបានធ្វើដើម្បីប្រជារាស្ត្រទ្រង់» ។
ក្រៅពីនេះក៏មានឃ្លាផ្សេងៗទៀត ដែលជាទីពេញនិយមសម្រាប់ពលរដ្ឋថៃផងដែររួមមាន «តើទូលបង្គំអាចនឹងនៅតាមបម្រើព្រះអង្គអស់មួយជីវិតបានដែរឬទេ» និងឃ្លាខ្លីៗដែល ដកស្រង់ចេញពីចម្រៀងជាតិថៃ។ លោក Esara Usada ដែលមានមុខរបរជា ជាងសាក់រូប ជាង ២០ឆ្នាំហើយនោះ បាននិយាយថា «ការសាក់រូបនេះគឺជាវិធីមួយដើម្បីសម្តែងនិងកត់ត្រានូវ រឿងរ៉ាវរបស់ពួកគេនៃសេចក្តីស្រឡាញ់ និងភក្តីភាពចំពោះព្រះមហាក្សត្រជាទីគោរពនៃយើង»៕