(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៥នាក់ស្លាប់ បំផ្លាញអគាររាប់រយ ខណៈដែលមនុស្សជាង ៧០ ០០០នាក់នាក់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២៥។
ខ្យល់បក់បោកខ្លាំង បានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់ និងធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង។ កង្វះខាតទឹក ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ជាពិសេសនៅតំបន់ Pacific Palisades ដែលជាតំបន់ឆ្នេរដ៏ធំ ហើយភ្លើងឆេះព្រៃបានលេបត្របាក់ផ្ទៃដីជិត ៤ ៨៥៦ហិកតា។ ប្រធាននាយកដ្ឋានទឹក និងថាមពលក្រុង Los Angeles លោកស្រី Janisse Quinones បានឱ្យដឹងថា ប្រព័ន្ធទឹករបស់ទីក្រុងពឹងផ្អែកលើធុងស្តុកធំៗចំនួន ៣ដែលនីមួយៗផ្ទុកបានប្រមាណ ៣,៧៨លានលីត្រ។ ទឹកសម្រាប់យកមកទប់ទល់នឹងភ្លើងឆេះ មិនអាចបំពេញតម្រូវការបានទេ។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅតំបន់ Pacific Palisades ដែលជាសង្កាត់ដ៏ស្រស់ស្អាតមួយ ស្ថិតនៅភាគខាងលិចទីក្រុង Los Angeles មានផ្ទះរបស់តារាភាពយន្ត ទូរទស្សន៍ និងតន្ត្រីជាច្រើន។ សំណង់ជាង ១ ០០០បានរងនូវការឆាបឆេះ ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គីភ័យដ៏សាហាវបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុង Los Angeles៕