(ប៉េកាំង)៖ ថ្ងៃទី ២ ខែមករា ពិធីបើកស្លាកនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ អំពីសហគមន៍រួមវាសនារបស់មនុស្សជាតិ បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។ ទស្សនៈស្តីពីសហគមន៍ រួមវាសនារបស់មនុស្សជាតិ បានផ្តួចផ្តើមឡើងដោយប្រទេសចិន នៅខែមីនា ឆ្នាំ២០១៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាលើកដំបូង នូវទស្សនៈដ៏សំខាន់ស្តីពីការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ ព្រមទាំងបានលើកឡើងនូវ “ការប្រកាន់ខ្ជាប់៤ចំណុច” ដើម្បីឆ្ពោះទៅកាន់សហគមន៍ រួមវាសនា ពោលគឺប្រកាន់ខ្ជាប់ការគោរពគ្នាទៅវិញទៅមក និងគោរពរាប់អានគ្នាប្រកបដោយសមភាព ប្រកាន់ខ្ជាប់ការធ្វើ កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះនិងការអភិវឌ្ឍរួម ប្រកាន់ខ្ជាប់ការសម្រេចបាននូវសន្តិសុខរួម ប្រកបដោយកិច្ចសហប្រតិបតិ្តការ និងនិរន្តរភាព ប្រកាន់ខ្ជាប់ភាពស៊ីសង្វាក់គ្នា ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ខាងអរិយធម៌ទីទៃគ្នា។

បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំង ដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ហើយបានឈានចូលដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ ទំនាក់ទំនងនិងការពឹងផ្អែកគ្នារវាងប្រទេសនិងប្រទេស មានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែវាក៏ប្រឈមមុខនឹងការសាកល្បងរួមជាច្រើនផងដែរ។ ជាពិសេស គឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកល ប្រទេសណាមួយក៏មិនអាចយកសុខតែខ្លួនឯង នោះឡើយ។

សហគមន៍រួមវាសនារបស់មនុស្សជាតិ គឺមានន័យថា អនាគតនិងជោគវាសនារបស់ប្រទេសនីមួយៗ សុទ្ធតែមាន ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្រុមមនុស្សទីទៃគ្នារួមសុខរួមទុក្ខ ដើម្បីធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ។ ទស្សនៈនេះ បានបង្ហាញពីមាគ៌ាត្រឹមត្រូវនៃការប្រាស្រ័យទាក់ទង រវាងប្រទេសនិងប្រទេស ដែលបណ្តាលឱ្យសហគមន៍អន្តរជាតិ មានប្រតិកម្មនិងការរំពឹងទុករួមគ្នា ហើយក៏បានបង្ហាញពីទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ប្រទេសចិន ដែលជាប្រទេសធំផងដែរ។ ក្រោមការណែនាំពីទស្សនៈ ស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ប្រទេសចិនបានដើរតាមផ្លូវថ្មីមួយ សម្រាប់ការប្រាស្រ័យ ទាក់ទងរវាងប្រទេសនិងប្រទេស ដែលមានការគោរពគ្នាទៅវិញទៅមក ប្រកបដោយសមភាពនិងយុត្តិធម៌ ក៏ដូចកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។

បច្ចុប្បន្ននេះ មានប្រទេសនិងតំបន់ចំនួនរាប់សិប បានរួមសហការជាមួយប្រទេសចិន បង្កើតសហគមន៍រួមវាសនា តាមទម្រង់ខុសៗគ្នា។ ដោយឡែក ការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ ក៏ត្រូវបានដាក់បញ្ជូលក្នុងសេចក្តីសម្រេចចិត្ត និងឯកសារពហុភាគីរបស់មហាសន្និបាតអង្គការសហប្រជាជាតិជាច្រើនលើក ដែលបានក្លាយជាផលិតផល សាធារណៈដ៏សំខាន់បំផុត ប្រកបដោយអត្ថន័យជាសកលដែរ។ ប្រទេសចិនរួមជាមួយប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន ម៉ុងហ្គោលី គុយបា អាហ្វ្រិកខាងត្បូង និងវៀតណាមជាដើម បានចេញផ្សាយផែនការប្រតិបតិ្ត សេចក្តីថ្លែងការណ៍រួម ឬបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ អំពីការកសាងសហគមន៍រួមវាសនាទ្វេភាគី ដែលបានបង្កើតជាគំរូនៃទំនាក់ទំនង រវាងប្រទេសនិងប្រទេសក្នុងយុគសម័យថ្មី ។

សហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិក ជាសហគមន៍រួមវាសនាក្នុងតំបន់ ដែលត្រូវបានលើកឡើងមុនគេបង្អស់ បន្ទាប់មក កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ចិននិងអាមេរិកឡាទីន ចិននិងប្រទេសដែនកោះប៉ាស៊ីហ្វិក ចិននិងអាស៊ាន អង្គការសហប្រតិបត្តិការសៀងហៃ ចិននិងអាស៊ីកណ្តាលជាដើមត្រូវបានជំរុញជាលំដាប់ ធ្វើឱ្យទស្សនៈស្តីពីការបង្កើតសហគមន៍ រួមវាសនាទទួលបានឯកភាពកាន់តែទូលំទូលាយ ពីសំណាក់អន្តរជាតិ ដែលបានជំរុញឱ្យកិច្ចកសាងសហគមន៍រួមវាសនា មានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។

អ្នកជំនាញរបស់ប្រទេសជាច្រើនយល់ឃើញថា ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលប្រទេសចិន បានលើកឡើងនោះ បានផ្តល់វិធីសាស្ត្រដល់ប្រទេសនានា ក្នុងការចាប់ដៃគ្នា ឆ្លើយតបនឹងបញ្ហាប្រឈមជាសកល ហើយបានតម្រង់ទិសដៅ សម្រាប់ការអភិវឌ្ឍសង្គមមនុស្សជាតិ។ លោក Aleksei Rodionov អនុប្រធានអចិន្ត្រៃយ៍ផ្នែកបូព៌ា នៃសាកលវិទ្យាល័យជាតិ St. Petersburg ប្រទេសរុស្ស៊ីយល់ឃើញថា ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ជាផ្លូវឆ្ពោះទៅមុខដែលប្រទេសចិនបានគ្រោង ដោយអនុលោមតាមសភាពការណ៍ជាក់ស្តែង របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ខណៈពេលការបដិបក្ខគ្នាផ្នែកភូមិសាស្ត្រនយោបាយ មានភាពកាន់តែធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ទស្សនៈនេះបានរំលេច នូវសារសំខាន់ជាបន្តបន្ទាប់។

លោក Keith Bennett អ្នកជំនាញខាងទំនាក់ទំនងអន្តរជាតិ របស់ប្រទេសអង់គ្លេសបានវាយតម្លៃថា ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ បានបន្តវេននិងអភិវឌ្ឍ នូវគំនិតដ៏ស៊ីជម្រៅ និងបើកទូលាយទាំងអស់ ក្នុងទស្សនៈវិជ្ជា របស់មនុស្សជាតិតាំងពីបុរាណដល់បច្ចុប្បន្ន ក្នុងនោះបូករួមទាំងតម្រិះប្រាជ្ញាជាប្រពៃណីរបស់ចិន និងលទ្ធិម៉ាក្សនិយម ព្រមពេលជាមួយគ្នានេះ ក៏បានធ្វើឱ្យវាសមស្របនឹងសភាពការណ៍ជាក់ស្តែង និងតម្រូវការរបស់សកលលោកផងដែរ។

សម្លឹងមើលទៅកាន់ពិភពលោកទាំងមូល មានប្រទេសកាន់តែច្រើនឡើងៗ បានចូលរួមក្នុងកិច្ចកសាងសហគមន៍រួមវាសនា ។ ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ បាននិងកំពុងត្រូវទទួលស្គាល់និងគាំទ្រដោយប្រទេស និងប្រជាជនកាន់តែច្រើនឡើងៗ ។នេះគឺជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់ឱ្យពិភពលោក ឆ្ពោះទៅរកការអភិវឌ្ឍជានិរន្តរភាព ហើយក៏ជាអនាគតរួមរបស់មនុស្សជាតិលើភពផែនដីនេះ ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន