Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋាភិបាលយោធាថៃ ប្រកាសធានាជាថ្មីថា ផែនការត្រឡប់ទៅរកលិទ្ធិប្រជាធិបតេយ្យ នឹងមិនប្រែប្រួលឡើយ

19-10-2016 08:47

(បាងកក)៖ រដ្ឋាភិបាលយោធាថៃ បានអះអាងជាថ្មីឡើងវិញថា ការសោយទិវង្គត់របស់ទ្រង់ Bhumibol Adulyadej កាលពីសប្ដាហ៍មុន នឹងមិនធ្វើឱ្យ ប៉ះពាល់ដល់ផែនការឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ រួមទំាងការបោះឆ្នោតសកលនៅឆ្នាំ២០១៧ ខាងមុខនេះឡើយ។ នេះបើយោងតាមការ ចុះផ្សាយដោយសារព័ត៌មាន Reuters ​នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan Ocha បាននិយាយថា «បញ្ហាឡើងសោយរាជ្យបន្ត គឺវាអាស្រ័យទៅលើរដ្ឋធម្មនុញ្ញ និងប្រជាជនថៃទំាងមូល រីឯបរទេសមិនគួរព្រួយបារម្ភ ឬយកចិត្តទុកដាក់នោះទេ»។ លោក Prayuth បានបន្តថា «រយៈពេល ១៥ថ្ងៃក្រោយ ពិធីកាន់ទុក្ខ វាជាពេលវេលាអនុម័តលើមាត្រាទី២៣ នៃរដ្ឋធម្មនុញ្ញ ដែលមានចែងពាក់ព័ន្ធនឹងការឡើងសោយរាជ្យ ហើយមិនតែប៉ុណ្ណោះ គ្មានអ្វីប្រែប្រួលឡើយ រួមមានទំាងការបោះឆ្នោតគោលនយោបាយរបស់រដ្ឋាភិបាល ការត្រឡប់ទៅរកលិទ្ធិប្រជាធិបតេយ្យ នឹងដំណើរការដូចការគ្រោងទុក»

សូមជំរាបថា ​រដ្ឋាភិបាលយោធាថៃ ដែលបានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារកាលពីខែឧសភា ឆ្នាំ២០១៤ បានបង្កើតផែនការមួយឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យវិញ អនុឡោមតាមរដ្ឋធម្មនុញ្ញមួយដែលត្រូវបានអនុម័ត តាមរយៈការបោះឆ្នោតប្រជាមតិកាលពីខែសីហា កន្លងទៅ រួមជាមួយការបោះឆ្នោតសកលនៅឆ្នាំ២០១៧ ខាងមុខនេះ៕