(អូតាវ៉ា)៖ កាលពីថ្ងៃអង្គារ ទី៧ ខែមករា នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Justin Trudeau បានចេញមុខច្រានចោល នូវគំនិតមួយរបស់ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រូបលោកចង់ប្រើប្រាស់កម្លាំងសេដ្ឋកិច្ច ដើម្បីធ្វើឱ្យកាណាដា ក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Trudeau បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «វាគ្មានលទ្ធភាពសូម្បីតែបន្តិចសោះឡើយ ដែលកាណាដា នឹងក្លាយជាផ្នែកនៃសហរដ្ឋអាមេរិក។ អ្នកធ្វើការនិងសហគមន៍ នៅប្រទេសយើងទាំងពីរ ទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក តាមរយៈការធ្វើជាដៃគូពាណិជ្ជកម្មនិងសន្តិសុខធំបំផុត ជាមួយគ្នា»។

អំឡុងសន្និសីទសារព័ត៌មានមួយ នៅរីសត Mar-a-Lago របស់លោក ដែលស្ថិតក្នុងទីក្រុង Palm Beach រដ្ឋ Florida លោក ត្រាំ ត្រូវបានក្រុមអ្នកកាសែតសាកសួរថា តើលោកនឹងពិចារណាប្រើកម្លាំងយោធា ដើម្បីកាន់កាប់ប្រទេសកាណាដា ដែរឬយ៉ាងណា។ លោក ត្រាំ បានឆ្លើយតបទៅវិញថា «អត់ទេ គឺកម្លាំងសេដ្ឋកិច្ច ដោយសារ កាណាដានិងសហរដ្ឋអាមេរិក បើរួមគ្នានឹងក្លាយជារឿងអស្ចារ្យមួយ»

លោក ត្រាំ ធ្លាប់បានរិះគន់លើអតិរេកពាណិជ្ជកម្មរបស់កាណាដា ជាមួយអាមេរិក ហើយកាលពីថ្ងៃអង្គារ លោកបានប្រាប់​ក្រុមអ្នកសារព័ត៌មានថា ព្រំដែនរវាងប្រទេសទាំងពីរ គឺគ្រាន់តែជាគំនូសសិប្បនិម្មិតប៉ុណ្ណោះ។ លោក ដូណាល់ ត្រាំ ក៏បានគំរាម​យកពន្ធ២៥ភាគរយ លើទំនិញនាំចូលពីកាណាដាផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Trudeau បានប្រកាសថា រូបលោកនឹងចុះចេញពីតំណែង ក្នុងពេលប៉ុន្មានខែខាងមុខ ក្រោយទទួលរងសម្ពាធពីក្រុមសមាជិកសភា ដែលព្រួយបារម្ភអំពីការធ្លាក់ចុះប្រជាប្រិយភាព នៃគណបក្ស Liberal Party របស់លោក។ ការបោះឆ្នោតសកលថ្មីមួយ ចាំបាច់ត្រូវរៀបចំឡើង មិនឱ្យលើសពីថ្ងៃទី២០ ខែតុលា ឆ្នាំនេះ ខណៈការស្ទង់មតិ ព្យាករថា បក្សប្រឆាំង Conservative Party អាចនឹងទទួលជ័យជម្នះ៕