(វ៉ាស៉ីនតោន)៖ ករណីមនុស្សស្លាប់លើកដំបូង ដោយសារជំងឺផ្តាសាយបក្សី នៅសហរដ្ឋអាមេរិក បានជំរុញឱ្យមានការអំពាវនាវថែមទៀត ឱ្យរដ្ឋាភិបាលបង្កើនកិច្ចប្រឹងប្រែង ដើម្បីទប់ស្កាត់កុំឱ្យជំងឺនេះ មានការរីករាលដាលខ្លាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥។

ក្រុមអ្នកជំនាញផ្នែកសុខាភិបាល នៅជុំវិញពិភពលោក បាននិងកំពុងទទូចឱ្យអាជ្ញាធរនៅសហរដ្ឋអាមេរិក បង្កើនការតាមដានឃ្លាំមើល និង​ចែករំលែកព័ត៌មានបន្ថែមទៀត អំពីការរាលដាលនៃជំងឺផ្តាសាយបក្សីនៅទីនោះ។ កាលពីថ្ងៃចន្ទ ទី៦ ខែមករា អាជ្ញាធរសុខាភិបាល នៅរដ្ឋ Louisiana បានរាយការណ៍ថា អ្នកជំងឺម្នាក់អាយុជាង៦០ឆ្នាំ គឺជាបុគ្គលដំបូងគេនៅសហរដ្ឋអាមេរិក ដែលបានស្លាប់ដោយសារ​ជំងឺផ្តាសាយបក្សី ក្រោយប៉ះពាល់ជាមួយបក្សីដែលកើតជំងឺ។

គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញដំបូង កាលពីឆ្នាំ១៩៩៦។ គិតតាំងពីដើមឆ្នាំ២០២៤ ករណីផ្តាសាយបក្សី ដែលឆ្លងមកកាន់មនុស្សសរុបចំនួន៦៦ករណី ត្រូវបានកត់ត្រានៅសហរដ្ឋអាមេរិក ហើយភាគច្រើន ជាអ្នកធ្វើការនៅតាមកសិដ្ឋាន។ បើយោងតាមអង្គការសុខភាពពិភពលោក WHO ជិតពាក់កណ្តាល នៃករណី H5N1 លើមនុស្សសរុប៩៥៤ករណី ដែលត្រូវបានកត់ត្រា ចាប់តាំងពីឆ្នាំ២០០៣មក គឺបានបណ្តាលឱ្យអ្នកជំងឺបាត់បង់ជីវិត។ យ៉ាងណាមិញ WHO បានអះអាងថា ហានិភ័យនៃជំងឺនេះ ក្នុងចំណោមប្រជាជនទូទៅ មានកម្រិតទាប ហើយម៉្យាងវិញទៀត នៅតែពុំមានភស្តុតាងថា វាអាចឆ្លងពីមនុស្សទៅមនុស្សឡើយ៕