(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម ប៉ុន្តែវាគ្រាន់ជាសកម្មភាពឃោសនា ហើយមិនមានដីកាចេញមកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តី លោក Benjamin Netanyahu អតីតរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant របស់អ៉ីស្រាអែល ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស លោក Ibrahim Al-Masri ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ហ្កាហ្សា។ ដីកានេះ បង្ក​ឱ្យ​មាន​ការ​ខឹងសម្បារ​នៅ​ក្នុង​ប្រទេស​អ៉ីស្រាអែល ប៉ុន្តែ​ក៏​មានការ​ភ័យ​ខ្លាច​ដែរថា ដីកា​ស្រដៀង​គ្នា​នេះ​អាច​នឹង​ត្រូវ​ចេញ ​ប្រឆាំង​នឹង​ជនជាតិ​អ៉ីស្រាអែល​ ដែល​បម្រើការ​ក្នុង​ជួរ​យោធា​នៅ​តំបន់ហ្កាហ្សា។

ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ ទាហានបម្រុងម្នាក់ ដែលទៅវិស្សមកាលនៅប្រេស៉ីល អាចចាកចេញពីប្រទេសនេះបាន ទោះជាចៅក្រមសហព័ន្ធប្រេស៉ីលនៅតំបន់ Salvador បញ្ជាឱ្យប៉ូលិសបើកការស៉ើបអង្កេតលើការចោទប្រកាន់ដែលថា ទាហានរូបនេះប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ពេលកំពុងបម្រើការជាយោធានៅហ្កាហ្សាក៏ដោយ។ ក្រសួងការបរទេសអ៉ីស្រាអែល បានសម្របសម្រួលដើម្បីជួយដល់ទាហានបម្រុងរូបនោះ ប៉ុន្តែ​ក្រុម​មន្ត្រី​​និយាយ​ថា​បញ្ហា​គឺ​មិន​ធំដុំទេ។

ក្រុមដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៉ិក ដែលដាក់ឈ្មោះតាមក្មេងស្រីប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានសម្លាប់នៅហ្កាហ្សា កាលពីឆ្នាំមុន ក៏បាននិយាយដែរថា ខ្លួនបានដាក់ភស្តុតាងនៃបទឧក្រិដ្ឋកម្មសង្រ្គាមទៅកាន់ ICC ប្រឆាំងជនជាតិអ៉ីស្រាអែល ១.០០០នាក់ មានទាំងវីដេអូ សំឡេង របាយការណ៍កោសល្យវិច្ច័យ និងឯកសារផ្សេងទៀត។ ចំណែក ICC ក៏បាន​បញ្ជាក់​ថា​ទទួលបាន​ឯកសារ​ ​ហើយ​នឹងធ្វើការវិភាគលើ​សម្ភារ​ទាំងនោះ។

លោក Eden Bar Tal ប្រធាននាយកដ្ឋានមួយនៃក្រសួងការបរទេសអ៉ីស្រាអែល គូសបញ្ជាក់ថា «នេះគ្រាន់តែជារឿងហេតុមួយប៉ុណ្ណោះ។ វាមានលើសពី ១០ទៅ១២ករណី គិតចាប់តាំងពីអ៉ីស្រាអែល បើកការវាយប្រហារនៅហ្កាហ្សាកាលពី ១៥ខែមុន។ គ្មានដីកាណាមួយចេញមកនោះទេ ដូច្នេះខ្ញុំអាចនិយាយបានថា វាគ្រាន់តែជាការនិយាយផ្សព្វផ្សាយរបស់តុលាការប៉ុណ្ណោះ»