លោក ត្រាំ មិនបដិសេធជុំវិញលទ្ធភាពប្រើកម្លាំងយោធា ដើម្បីគ្រប់គ្រងព្រែកជីក Panama និងដែនដី Greenland
08-01-2025 09:48
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ មិនបានបដិសេធជុំវិញលទ្ធភាពប្រើប្រាស់កម្លាំងយោធា ឬសកម្មភាពសេដ្ឋកិច្ច ដើម្បីបន្តការទិញយកព្រែកជីក Panama និងដែនដី Greenland ដែលមានក្នុងរបៀបវីរៈឃោសនាបោះឆ្នោតកន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។
នៅពេលត្រូវបានសាកសួរក្នុងសន្និសីទសារព័ត៌មាន នៅឯរីសតក្នុងរដ្ឋ Florida របស់លោក កាលពីថ្ងៃអង្គារសប្តាហ៍នេះ ថាតើលោកអាចធានាដល់ពិភពលោកបានទេ ថានឹងមិនប្រើការបង្ខិតបង្ខំផ្នែកយោធា ឬសេដ្ឋកិច្ចដើម្បីគ្រប់គ្រងព្រែកជីក Panama និងដែនដី Greenland? លោក ត្រាំ ឆ្លើយតបថា «ទេ ខ្ញុំមិនអាចធានាបានទេជុំវិញដែនដីទាំងពីរនោះ តែខ្ញុំអាចនិយាយបានថា យើងត្រូវការទីនោះសម្រាប់សន្តិសុខសេដ្ឋកិច្ច»។
គួរបញ្ជាក់ថា លោក ត្រាំ ដែលនឹងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករាខាងមុខ ក៏ធ្លាប់លើកឡើងនូវគំនិតប្រែក្លាយ កាណាដាទៅជារដ្ឋរបស់សហរដ្ឋអាមេរិក ហើយថានឹងទាមទារថ្លៃចំណាយលើវិស័យការពារជាតិពីសម្ព័ន្ធមិត្តណាតូ (NATO) និងសន្យាផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក ទៅជាឈូងសមុទ្រអាមេរិកផងដែរ។ ប៉ុន្តែ ខណៈនៅសល់ពីរសប្តាហ៍ទៀត មុនពេលចូលកាន់តំណែង លោក ត្រាំ ហាក់ចាប់ផ្តើមគូសបញ្ជាក់ពីគោលនយោបាយការបរទេស ដែលគិតតិចតួចចំពោះក្តីកង្វល់របស់សម្ព័ន្ធមិត្តអាមេរិក៕