Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UPDATE: តារាសម្តែងចិនដែលបាត់ខ្លួន នៅប្រទេសថៃ ត្រូវបានរកឃើញដោយមានសុវត្ថិភាព (Video inside)

07-01-2025 17:06

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនារសៀលថ្ងៃអង្គារ ទី៧ ខែមករា នេះថា តារាសម្តែងចិនម្នាក់ដែលបាត់ខ្លួន ឈ្មោះ Wang Xing ត្រូវបានរកឃើញដោយមានសុវត្ថិភាព ហើយនាពេលនេះ កំពុងជួបជាមួយ​អាជ្ញាធរថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Bangkok Post។

លោកស្រី Paetongtarn បាននិយាយថា លោក Wang ហៅ Xingxing ត្រូវបាននាំត្រឡប់ពីប្រទេសមីយ៉ាន់ម៉ា មកកាន់​ស្រុក Mae Sot នៃខេត្ត Tak ប្រទេសថៃ វិញហើយ និងកំពុងជួបជាមួយអាជ្ញាធរថៃ នៅទីនោះ។ លោកស្រីនាយករដ្ឋមន្រ្តីថៃ បានបន្តថា រដ្ឋាភិបាលថៃ បានព្យាយាមដោះស្រាយបញ្ហានេះ ប្រកបដោយការយកចិត្តទុកដាក់ជាខ្លាំង ដើម្បីទប់ស្កាត់កុំឱ្យមានផលប៉ះពាល់អវិជ្ជមាន ទៅលើ​វិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់បំផុតមួយរបស់ប្រទេសថៃ។

លោកស្រី Paetongtarn បានបន្តថា ពាក្យចចាមអារ៉ាម បានរីកសុសសាយព្រោងព្រាត ហើយស្ថានភាពជុំវិញការបាត់ខ្លួន របស់តារាសម្តែងចិនរូបនោះ ត្រូវបានបំប៉ោងខ្លាំងជ្រុលហួសហេតុ នៅលើបណ្តាញសង្គម ក្នុងចេតនាចង់បង្ហាញប្រទេសថៃជា កន្លែងដ៏គ្រោះថ្នាក់មួយ សម្រាប់ការធ្វើទេសចរណ៍និងទស្សនា។

បើតាមលោកស្រី Paetongtarn ខាងរដ្ឋាភិបាលថៃ កំពុងធ្វើការជិតស្និទ្ធជាមួយស្ថានទូតចិន ដើម្បីបង្កើតការយល់ស្របគ្នា នៅក្នុងបញ្ហានេះ។ រដ្ឋមន្រ្តីទេសចរណ៍ថៃ បានប្រាប់ថា តារាសម្តែងចិនខាងលើ ត្រូវបានរកឃើញ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទម្សិលមិញ ហើយបានប្រគល់មកកាន់ទឹកដីប្រទេសថៃ នៅថ្ងៃអង្គារនេះ។

តារាសម្តែងអាយុ៣១ឆ្នាំខាងលើ ត្រូវគេរាយការណ៍ថា បានចាកចេញពីអាកាសយានដ្ឋាន Shanghai Pudong ហើយមកដល់អាកាសយានដ្ឋាន Suvarnabhumi នៅជាយក្រុងបាងកក កាលពីម៉ោង៣ទាបភ្លឺ ថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រោយត្រូវបានអញ្ជើញឱ្យចូលរួមការជ្រើសរើសបេក្ខជន សម្រាប់តួអង្គក្នុងខ្សែភាពយន្តមួយ។ យ៉ាងណាមិញ ពេលមកដល់ថៃ លោក Wang បានធ្វើដំណើរត្រង់ទៅកាន់ខេត្ត Tak តែម្តង ជាទីដែលបាត់ការទាក់ទងទាំងអស់ ជាមួយរូបលោក។

គួរបញ្ជាក់ថា យោងតាមប៉ូលិសថៃ គឺមានអ្នកបើករថយន្តម្នាក់ បាននាំរូបលោកចាកចេញពីព្រលានយន្តហោះ Suvarnabhumi ទៅកាន់តំបន់ព្រំដែន ក្នុងស្រុក Mae Sot នៃខេត្ត Tak ហើយនៅទីនោះ មានបុគ្គលម្នាក់ទៀត បាននាំតារាសម្តែងចិនរូបនោះ ឆ្លងចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ូលិសថៃ គ្រោងបើកការស៉ើបអង្កេតឱ្យហ្មត់ចត់លើករណីនេះ ដោយសារ វាហាក់បីដូចជាសកម្មភាព​របស់ ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស៕