(ប៉េកាំង)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) នៃប្រទេសចិន ខណៈចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍នោះ បានបន្តកើនដល់ជិត១០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួន​ស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។

ទីភ្នាក់ងារព័ត៌មានចិន Xinhua ដោយផ្អែកលើប្រភពពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បានរាយការណ៍ថា មកទល់ពេលនេះ មនុស្សចំនួនយ៉ាងហោច៩៥នាក់ហើយ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈអ្នករងរបួសកើនដល់១៣០នាក់ អំឡុងការវាយប្រហារនៃគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅទីក្រុង Xigaze ក្នុងស្រុក Dingri នៃតំបន់ស្វយ័ត Xizang ឬហៅថា Tibet។

គួរបញ្ជាក់ថា តំបន់ខ្លះ នៅប្រទេសក្បែរខាងមួយចំនួន រួមមាននេប៉ាល់ ឥណ្ឌា និងប៊ូតង់ ជាដើម ក៏បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ ផងដែរ ប៉ុន្តែមិនទាន់ឃើញមានសេចក្តីអំពីការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ នៅឡើយទេ៕