(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៉ី នៅឯអង្គការសហប្រជាជាតិ (UN) ថាបានផ្តល់មូលនិធិ ដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៥។

សង្រ្គាមស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ ចំពេលមានការដណ្តើមអំណាចរវាងកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បង្កឱ្យមានវិបត្តិភៀសខ្លួន និងគ្រោះអត់ឃ្លានធំបំផុតមួយរបស់ពិភពលោក។ ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាកាលពីថ្ងៃចន្ទថា «រុស្ស៉ីជ្រើសរើសមិនធ្វើសកម្មភាព ទុកឱ្យជនស៉ីវិលជួបហានិភ័យ ខណៈផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ។ នោះហើយជាអ្វីដែលខ្ញុំចង់និយាយ»

នៅពេលត្រូវបានស្នើបញ្ជាក់ឱ្យច្បាស់ លោកស្រី Thomas-Greenfield និយាយថា ទីក្រុងវ៉ាស៉ីនតោនដឹងពី ចំណាប់អារម្មណ៍របស់រុស្ស៉ី ចំពោះពាណិជ្ជកម្មមាសរបស់ស៊ូដង់ ហើយថ្កោលទោសរាល់ការគាំទ្រឱ្យធ្វើសង្រ្គាម ទោះជាតាមរយៈការជួញដូរមាសខុសច្បាប់ ឬការផ្តល់សម្ភារយោធាក៏ដោយ»។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំ UN លោក Dmitry Polyanskiy បាននិយាយថា «យើងមានការសោកស្តាយ ដែលសហរដ្ឋអាមេរិកព្យាយាមវិនិច្ឆ័យ មកលើរុស្ស៉ីដែលមហាអំណាចមួយ ដោយគំនិតរបស់ខ្លួន»

គួរបញ្ជាក់ថា ជុំវិញការចោទប្រកាន់នេះ Reuters មិនអាចទំនាក់ទំនងសុំការបកស្រាយ ពីភាគីជម្លោះនៅស៊ូដង់បានទេ៕