លោក ហ្សេលេនស្គី អះអាងថា ទាហានរុស្ស៉ីសរុបជិត ១៥ ០០០នាក់ ត្រូវបានសម្លាប់ នៅតំបន់ Kursk (Video inside)
07-01-2025 15:09
(មូស្គូ)៖ កាលពីថ្ងៃចន្ទ ទី៦ ខែមករា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ អំឡុងរយៈពេល៥ខែមកនេះ នៃការប្រយុទ្ធតតាំងគ្នាជាមួយកងកម្លាំងអ៊ុយក្រែន នៅឯតំបន់ Kursk នៃភាគនិរតីប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានអះអាងថា អំឡុងប្រតិបត្តិការនៅតំបន់ Kursk សត្រូវដែលចង់សំដៅលើរុស្ស៉ី បានបាត់បង់រួចជាស្រេច នូវទាហានរបស់ពួកគេ ចំនួន ៣៨ ០០០នាក់ ហើយក្នុងនោះជិត ១៥ ០០០នាក់ បានស្លាប់។ យ៉ាងណាមិញ លោកប្រធានាធិបតីអ៊ុយក្រែន មិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងតួលេខនេះឡើយ។
អ៊ុយក្រែនបានឆ្មក់បើកការវាយលុកទ្រង់ទ្រាយធំ ចូលក្នុងតំបន់ Kursk របស់រុស្ស៉ី កាលពីខែសីហា ឆ្នាំ២០២៤ ហើយដណ្តើមកាន់កាប់បានទឹកដីមួយផ្នែកធំ ប៉ុន្តែយោធារុស្ស៉ីបានអះអាងថា ភាគច្រើននៃទឹកដីទាំងនោះ ត្រូវបានវាយយកមកវិញរួចហើយ។ អ៊ុយក្រែនបានអះអាងថា ខ្លួនបានបើកការវាយលុកថ្មីមួយទៀត នៅក្នុងតំបន់ Kursk កាលពីថ្ងៃទី៥ ខែមករា ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតឡើយ។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តលោកខាងលិច បានវាយតម្លៃថា មានទាហានកូរ៉េខាងជើង ប្រហែល ១១ ០០០នាក់ កំពុងជួយរុស្ស៉ីប្រយុទ្ធ នៅតំបន់ Kursk ប៉ុន្តែរុស្ស៉ីមិនបានបដិសេធ ឬទទួលស្គាល់ វត្តមានពួកគេ នោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ការព្យាយាមវាយទៅមុខរបស់អ៊ុយក្រែន នៅ Kursk ត្រូវបានទប់ស្កាត់ និងកងកម្លាំងស្នូលរបស់អ៊ុយក្រែន ត្រូវបានកម្ទេចនៅក្បែរភូមិ Berdin។ ក្រសួងការពារជាតិរុស្ស៉ី បានបន្តថា កងកម្លាំងរបស់រុស្ស៉ី ទើបទទួលបានភាពរីកចម្រើនសំខាន់ៗ នៅភាគខាងកើតអ៊ុយក្រែន ក្នុងនោះរួមមានទាំង ការដណ្តើមបាន ក្រុង Kurakhove៕