(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃអង្គារ ទី៧ ខែមករានេះថា ​មេដឹកនាំកំពូល នៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការធ្វើតេស្តដោយជោគជ័យ នៃមីស៉ីលបាលិស្ទីគថ្មីមួយ ដែលមានល្បឿនលឿនជាងសំឡេង និងរយៈចម្ងាយឆ្ងាយ ឬ IRBM កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

KCNA បាននិយាយថា មីស៉ីលខាងលើត្រូវបានបាញ់ចេញពី ជាយរដ្ឋធានីព្យុងយ៉ាង ហើយហោះបានចម្ងាយខ្ទង់ ១៥០០គីឡូម៉ែត្រ ក្នុងល្បឿនលឿនជាងល្បឿនសំឡេង ដល់ទៅ១២ដង និងឡើងដល់កម្ពស់ជិត១០០គីឡូម៉ែត្រ មុនទម្លាក់ខ្លួនមកវិញ រួចហោះទៅធ្លាក់ចំគោលដៅ នៅលើផ្ទៃសមុទ្រនៅភាគខាងកើត​ប្រទេស។

វាគឺជាការបាញ់តេស្តមីស៉ីលលើកដំបូងរបស់កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២៥នេះ ហើយគាប់ជួនពេលដែល រដ្ឋមន្រ្តីការបរទេសរបស់​សហរដ្ឋអាមេរិក លោក Antony Blinken ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង។ លោក Blinken និងសមភាគីកូរ៉េខាងត្បូង បានរួមគ្នាថ្កោលទោស ការបាញ់មីស៉ីលរបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា ការតេស្តមីស៉ីលខាងលើរបស់ទីក្រុងព្យុងយ៉ាង កើតមានឡើងមិនដល់២សប្តាហ៍ឡើយ មុនពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលធ្លាប់បើកកិច្ចប្រជុំកំពូលជាមួយ លោក គីម ជុងអ៊ុន អំឡុងអាណត្តិកាន់អំណាចលើកទី១ ត្រូវស្បថចូលកាន់តំំណែងជាផ្លូវការ៕