(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បានប្រកាសថានឹងចុះចេញពីតំណែង នៅប៉ុន្មានខែខាងមុខនេះ បន្ទាប់ពីកាន់អំណាចអស់រយៈពេល ៩ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ ២០២៥។
លោក Trudeau បានប្រាប់សន្និសីទសារព័ត៌មានថា លោកនឹងបន្តនៅជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំ Liberal party រហូតដល់គណបក្សជ្រើសរើសបានប្រធានថ្មី ក្នុងរយៈពេលប៉ុន្មានខែទៀត។ លោកបញ្ជាក់ថា «កាណាដា សមនឹងទទួលបានជម្រើសពិតប្រាកដមួយ នៅក្នុងការបោះឆ្នោតអាណត្តិក្រោយ ហើយវាច្បាស់ណាស់សម្រាប់ខ្ញុំថា ប្រសិនបើខ្ញុំត្រូវប្រយុទ្ធជាមួយសមរភូមិផ្ទៃក្នុង នោះខ្ញុំមិនអាចជាជម្រើសដ៏ល្អបំផុត នៅក្នុងការបោះឆ្នោតនោះទេ»។
តាមលោក Trudeau សភានឹងត្រូវផ្អាកដំណើរការ រហូតដល់ថ្ងៃទី២៤ ខែមីនា។ មានន័យថា ការបោះឆ្នោតមួយទំនងជាមិនអាចធ្វើឡើងទេ មុនខែឧសភា ឆាប់បំផុត ដូច្នេះលោក Trudeau នឹងនៅតែទទួលបន្ទុក យ៉ាងហោចណាស់ ដើមទីនៃការដោះស្រាយទាក់ទងនឹងពន្ធគយ ដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់គំរាមដាក់ចេញ។
គួរបញ្ជាក់ថា កាណាដា ត្រូវរៀបចំការបោះឆ្នោតអាណត្តិក្រោយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៥ ហើយការស្ទង់មតិបង្ហាញថា អ្នកបោះឆ្នោតដែលខឹងសម្បារនឹងបញ្ហាតម្លៃខ្ពស់ កង្វះលំនៅឋានសមរម្យ អាចជ្រើសរើសគណបក្សអភិរក្សនិយម ដូចនេះនឹងធ្វើឱ្យគណបក្ស Liberal ត្រូវបរាជ័យ មិនថានរណាជាអ្នកដឹកនាំគណបក្សនោះទេ៕