(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានចេញមុខប្រកាសគាំទ្រប្រទេសអ៊ីរ៉ាក់ ក្នុងការវាយកម្ទេចក្រុមភេរវករ ខណៈនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Haider al-Abadi បានបើកការវាយលុកទ្រង់ទ្រាយធំមួយ ដើម្បីរំដោះយកទីក្រុង Mosul ចេញពីកណ្តាប់ដៃពួកក្រុមរដ្ឋអ៊ីស្លាម ISIS មកវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។
រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Hua Chunying បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ប្រទេសចិនគាំទ្រ នូវកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេសអ៊ីរ៉ាក់ ក្នុងការថែរក្សាស្ថិរភាពជាតិ និងប្រយុទ្ធតទល់ជាមួយនឹងអំពើភេរវកម្ម ហើយចិនសង្ឃឹមថា អ៊ីរ៉ាក់នឹងទទួលបានស្ថិរភាព និងសន្តិសុខសុវត្ថិភាពនៅក្នុងប្រទេសក្នុងពេលឆាប់ៗនេះ»។
គួរបញ្ជាក់ដែរថា លោកនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ បានសន្យាថា នឹងស្ថាបនាទីក្រុង Mosul និងតំបន់ផ្សេងៗទៀតនៅក្នុងខេត្ត Nineveh បន្ទាប់ទីកន្លែងទាំងអស់នោះ ត្រូវបានបំផ្លិចបំផ្លាញ ដោយពួកសកម្មប្រយុទ្ធជ្រុលនិយម ISIS ហើយលោកបានប្តេជ្ញាថា នឹងនាំយកមកឲ្យបាននូវស្ថិរភាព ជូនដល់ប្រជាជនអ៊ីរ៉ាក់ទាំងអស់ កំពុងរស់នៅក្នុងទីក្រុង Mosul ដែលជាកន្លែង ប្រមូលផ្តុំធំជាងគេ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកក្រុម ISIS ចាប់តាំងពី ខែមិថុនា ឆ្នាំ២០១៤៕