(ហាណូយ)៖ យោងតាមសារព័ត៌មានវៀតណាម VBN ចេញផ្សាយនៅល្ងាចថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦ នេះថា ក្រុមអ្នកគាំពារសិទ្ធិអតិថិជន បានធ្វើការត្រួតពិនិត្យនូវគំរូផលិតផល ទឹកត្រីចំនួន ១៥០ប្រភេទ មកពីផលិតរបស់វៀតណាម និងថៃ សរុប៨៨ម៉ាក ហើយក្នុងនោះ ៦៧ភាគរយ នៃផលិតផលទាំងអស់ត្រូវបានគេរកឃើញថា បានផ្ទុកសារធាតុ «អាក់សេនិច» (Arsenic) ក្នុងកម្រិតខ្ពស់មួយ។
សមាគមស្តង់ដារ និងអ្នកប្រើប្រាស់វៀតណាម ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតជុំវិញផលិតផលទឹកត្រីជាច្រើនប្រភេទ ដែលពលរដ្ឋវៀតណាមកំពុងពេញនិយម ដោយក្នុងនោះ គេបានរកឃើញថា ក្នុងចំណោម ១០១ លើ ១៥០ នៃគំរូផលិតផលទឹកត្រីនៅលើទីផ្សារវៀតណាម បានផ្ទុកសារធាតុអាក់សេនិច ដល់កម្រិតសុវត្ថិភាព (មួយមីលីក្រាមក្នុងមួយលីត្រ) ហើយក្នុងចំណោមនោះទៀត គឺបានផ្ទុកសារធាតុបំពុលសុខភាពនេះ លើសកម្រិតគ្រោះថ្នាក់រហូតដល់ទៅ ៥ដងឯណោះ។
លោក Vu Van Dien អនុប្រធានសមាគមខាងលើនេះ បានលើកឡើងថា សមាគមត្រូវការការសិក្សា និងត្រួតពិនិត្យបន្ថែមទៀត នៅក្នុងនោះក៏មានការយកផលិតម៉ាកផ្សេងៗទៀតមកពិនិត្យផងដែរ។ សម្រាប់សារធាតុអាក់សេនិកនេះដែរ គឺជាត្រូវគេស្គាល់ថាជាសារធាតុពុល ឬ carcinogen ដែលនឹងបង្កគ្រោះថ្នាក់ដល់សុខភាពក្នុងរយៈពេលយូរ។
គួរបញ្ជាក់ថា ការផលិតផលទឹកត្រីត្រូវបានផលិតឡើងដោយផ្ទុកសារជាតិប្រូតេអ៊ីនកម្រិតខ្ពស់ ហើយដោយសារតែការផលិតមិនត្រឹមត្រូវ ទើបមិនអាចលុបបំបាត់សារធាតុអាក់សេនិចចេញបាន។ ការត្រួតពិនិត្យខាងលើនេះ ត្រូវបានធ្វើឡើងទៅលើម៉ាកផលិតផលទឹកត្រីចំនួន៨៨ ក្នុងនោះមានផលិតមួយម៉ាក ត្រូវបាននាំចូលពីប្រទេសថៃ។ ផលិតទាំងឡាយខាងលើនេះ ត្រូវបានចែកចាយនៅក្នុងខេត្ត និងទីក្រុងចំនួន១៩ ទូទាំងប្រទេសវៀតណាម៕