(វ៉ាស៉ីនតោន)៖ ព្យុះរដូវរងាបាននាំមកនូវព្រិលធ្លាក់ និងសីតុណ្ហភាពត្រជាក់ដល់តំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដោយមនុស្សប្រមាណ ៦០លាននាក់ទូទាំងរដ្ឋជាង ១០ រាប់ចាប់ពី Kansas ដល់ New Jersey ស្ថិតក្រោមការព្រមាន និងណែនាំស្តីពីអាកាសធាតុ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ ២០២៥។
ព្យុះរដូវងាកំពុងធ្វើដំណើរឆ្ពោះ ទៅតំបន់ mid-Atlantic ជាទីដែលរដ្ឋធានីវ៉ាស៉ីនតោន កំពុងត្រៀមទប់ទល់នឹងព្រិល ក៏ដូចជាអាកាធាតុត្រជាក់ខ្លាំងនៅថ្ងៃចន្ទនេះ ហើយជាថ្ងៃតែមួយសភាគ្រោងជួបប្រជុំបញ្ជាក់ជាផ្លូវការថា លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក។
ទីភ្នាក់ងារអាកាសធាតុជាតិ បានឱ្យដឹងថា រដ្ឋ Kansas និងផ្នែកខ្លះនៃរដ្ឋ Missouri ភាគពាយ័ព្យ បានស៊ូទ្រាំនឹងព្យុះព្រិល ដែលនៅតាមដងផ្លូវគ្របដណ្តប់ដោយទឹកកក ហើយមន្ត្រីបានជំរុញឱ្យអ្នកស្រុកចៀសវាងការធ្វើដំណើរ។ ផ្លូវតភ្ជាប់ជាច្រើន ក្នុងរដ្ឋ Kansas ជាង ៧០ត្រូវបានបិទពេញមួយថ្ងៃអាទិត្យ ដោយសារព្រិលធ្លាក់ខ្លាំងពេក។ នៅរដ្ឋ Missouri ប៉ូលិសកំពុងស្វែងរក អ្នកបើកបរដែលជាប់គាំង។ ព្រិលធ្លាក់កម្រាស់ពី ១៥ទៅ ៣០សង់ទីម៉ែត្រត្រូវបានព្យាករ សម្រាប់ភាគខាងត្បូងរដ្ឋ Ohio រហូតដល់ទីក្រុងវ៉ាស៉ីនតោន។ សាលារៀនរាប់រយកន្លែង បានប្រកាសជាមុនថានឹងសម្រាក នៅថ្ងៃចន្ទដោយសារតែព្យុះ៕