(ដូហា)៖ ក្រុមរដ្ឋមន្រ្តីមកពីរដ្ឋាភិបាលអន្តរកាលនៃប្រទេសស៉ីរី បានទទូចឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មដែលដាក់លើទីក្រុងដាម៉ាស អំឡុងទស្សនកិច្ចលើកដំបូងរបស់ពួកគេ នៅប្រទេសកាតា ចាប់តាំងពីការដួលរលំនៃរបបអតីតប្រធានាធិបតី លោក Bashar al-Assad។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសកាតា បាននិយាយថា នាយករដ្ឋមន្រ្តីរបស់ខ្លួន បានជួបជាមួយ រដ្ឋមន្រ្តីការបរទេសស្តីទី របស់ស៉ីរី លោក Assad al-Shaibani, រដ្ឋមន្រ្តីការពារជាតិស្តីទី លោក Murhaf Abu Qasra និងប្រធានចារកម្មថ្មី លោក Anas Khattab។ បើតាមសេចក្តីថ្លែងការណ៍ដដែលនោះ នាយករដ្ឋមន្រ្តីកាតា Sheik Mohammed bin Abdulrahman bin Jassim Al-Thani បានបញ្ជាក់ជាថ្មីនូវ គោលជំហររបស់កាតា ក្នុងការគាំទ្រសាមគ្គីភាព អធិបតេយ្យ និងឯករាជ្យរបស់ស៉ីរី។
ផ្ទុយពីប្រទេសអារ៉ាប់ដទៃទៀត កាតាមិនបានស្តារទំនាក់ទំនងការទូតឡើងវិញឡើយ ជាមួយស៉ីរី នៅក្រោមរបបលោក Assad។ លោក Assad ត្រូវបានទម្លាក់ចេញពីអំណាច និងរត់ភៀសខ្លួនទៅក្រៅប្រទេស ក្រោយប្រតិបត្តិការវាយលុករយៈពេល១១ថ្ងៃ របស់កងកម្លាំងក្រុមឧទ្ទាម ដែលបានដណ្តើមកាន់កាប់ទីក្រុងធំៗ ជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស រហូតដល់រដ្ឋធានីដាម៉ាស កាលពីខែធ្នូ ឆ្នាំមុន។ ជម្លោះនៅស៉ីរី បានផ្ទុះឡើងដំបូងតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយកាតាគឺជាអ្នកគាំទ្រដ៏សំខាន់មួយ នៃចលនាឧទ្ទាមស៉ីរី។
គួរបញ្ជាក់ថា កាតាគឺជាប្រទេសទី២ បន្ទាប់ពីតួកគី ដែលបានបើកស្ថានទូតឡើងវិញ នៅរដ្ឋធានីរបស់ស៉ីរី ក្រោយការផ្តួលរំលំលោក Assad។ យ៉ាងណាមិញ សហគមន៍អន្តរជាតិ ហាក់មិនទាន់ប្រញាប់ប្រញាល់ ដកទណ្ឌកម្មសេដ្ឋកិច្ចដែលបានដាក់ទៅលើស៉ីរី នៅឡើយទេ ដោយពួកគេកំពុងរង់ចាំមើលសិនថា តើអាជ្ញាធរថ្មីនៅទីនោះ នឹងប្រើប្រាស់អំណាចរបស់ខ្លួន ដោយរបៀបណា៕