រដ្ឋមន្រ្តីការបរទេសអាមេរិក៖ រុស្ស៉ីគ្រោងចែករំលែក បច្ចេកវិទ្យាទំនើបពាក់ព័ន្ធផ្កាយរណប ជាមួយកូរ៉េខាងជើង (Video inside)
06-01-2025 14:10
(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី៦ ខែមករា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិក ជឿជាក់ថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងសេអ៊ូល លោកប្រមុខការទូតអាមេរិក បានលើកឡើងដូច្នេះថា «កូរ៉េខាងជើង កំពុងតែទទួលបាមរួចជាស្រេច នូវបរិក្ខារយោធា និងការបណ្តុះបណ្តាលពីរុស្ស៉ី។ ឥឡូវនេះ យើងមានហេតុផលអាចជឿថា ទីក្រុងមូស្គូមានបំណងចែករំលែកបច្ចេកវិទ្យាទំនើបៗ ពាក់ព័ន្ធអវកាសនិងផ្កាយរណប ជាមួយទីក្រុងព្យុងយ៉ាង ថែមទៀត»។ លោក Blinken បានបន្ថែមថា សហរដ្ឋអាមេរិកក៏ជឿជាក់ដែរថា រុស្ស៉ីប្រហែលជិតទទួលស្គាល់ជាផ្លូវការហើយ ចំពោះឋានៈជាមហាអំណាចនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
គួរបញ្ជាក់ថា ស្របពេលដែលលោក Blinken មកបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ កូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលយ៉ាងហោច ១គ្រាប់ ដែលត្រូវបានជឿថាជា មីស៉ីលបាលិស្ទីគ។ ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល បានរួមគ្នាថ្កោលទោសការបាញ់មីស៉ីលនោះ៕