Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងត្បូងនឹងអភិវឌ្ឍន៍ «នាវាមុជទឹក-នុយក្លេអ៊ែរ» ឲ្យខ្លាំងជាងមុន ព្រោះបច្ចេកវិទ្យាកូរ៉េខាងជើងខ្លាំងក្លាលើសការស្មាន

18-10-2016 15:45

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង កំពុងគិតគូរក្នុងការអភិវឌ្ឍនាវាមុជទឹក ដែលដំណើរការដោយ ថាមពលនុយក្លេអ៊ែរ ទុកសម្រាប់ទប់ទល់នឹងការគំរាមកំហែង ដោយមីស៊ីលផ្លោង និង អាវុធនុយក្លេអ៊ែរ ពីសំណាក់ប្រទេស កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃទីអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។

កូរ៉េខាងត្បូង បានងាកមករៀបចំគំរោងក្នុងការអភិវឌ្ឍ នាវាមុជទឹកនុយក្លេអ៊ែរ ដោយខ្លួនឯង នៅក្រោយពេលកូរ៉េខាងជើង បានស្តែងឲ្យឃើញពីបច្ចេកវិទ្យាដ៏ជឿនលឿន នៃមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹក ឬហៅកាត់ថា SLBM។

តួយ៉ាងកាលពីថ្ងៃទី២៤ ខែសីហា ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន មួយគ្រាប់ ចេញពីនាវាមុជទឹក នៅឆ្នេរភាគខាងកើត នៃប្រទេសកូរ៉េខាងជើង ដែលបានធ្វើដំណើរ រហូតដល់ទៅចម្ងាយ ៥០០គីឡូម៉ែត្រ សំដៅទៅរកប្រទេសជប៉ុន ខណៈរយៈចម្ងាយនៃមីស៊ីលនេះ វាបានហួសឆ្ងាយពីការរំពឹងទុករបស់ យោធាកូរ៉េខាងត្បូងទៅទៀត។ លើសពីនេះទៀត ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានបញ្ជាឲ្យធ្វើការផលិតនាវាមុជទឹក ដែលមានសមត្ថភាពផ្ទុក និង បាញ់មីស៊ីលផ្លោងបន្ថែមទៀតផងដែរ។

ដោយឡែក ទោះបីជាប្រទេសកូរ៉េខាងត្បូង អាចអភិវឌ្ឍន៍នាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួន បានដោយជោគជ័យក៏ដោយ ក៏គេនៅមិនទាន់អាចធានាបានច្បាស់ ពីប្រសិទ្ធភាពនៃការវាយប្រហារ របស់វាបាននៅឡើយនោះដែរ។ លើសពីនេះទៀត អ្នកជំនាញយោធាកូរ៉េខាងត្បូង បានប៉ាន់ ប្រមាណថា ដើម្បីអភិវឌ្ឍន៍និងដាក់្យដំណើរការ នូវនាវាមុជទឹកនុយក្លេអ៊ែរមួយគ្រឿង គេត្រូវប្រើរយៈពេលយ៉ាងហោចណាស់ពី ៦ ទៅ ៧ឆ្នាំ និងចំណាយលុយប្រហែល ១.៥ពាន់ពាន់លានវ៉ុន ដែលស្មើរនឹង ១.៣ពាន់លានដុល្លារអាមេរិកឯណោះ។

គួរបញ្ជាក់ដែរថា បច្ចេកវិទ្យាសម្រេចនៃ SLBM នឹងបង្កើនការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរ របស់ប្រទេស កូរ៉េខាងជើង មួយកម្រិតថ្មីទៀតព្រោះថា វាមានភាពលំបាកជាខ្លាំង ក្នុងការ តាមចាប់យកសញ្ញា មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹក ដែលកំពុងធ្វើការចល័ត ដោយសម្ងាត់នៅក្រោមផ្ទៃទឹកដ៏ជ្រៅ៕