(សិង្ហបុរី)៖ ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Teo Chee Hean បាននិយាយថា កម្រិតនៃការ គំរាមកំហែងពីសំណាក់ពួកភេរវករ បានកើនឡើងខ្ពស់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយវាក៏ជាអ្វីដែលប្រជាជនសិង្ហបុរី កំពុងយកចិត្តទុកដាក់ និងព្រួយបារម្ភ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះរបស់ លោក Teo ធ្វើឡើងនៅក្នុងឱកាសត្រួតពិនិត្យ ការធ្វើសមយុទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹង ពួកភេរវករដំណាក់កាលទី២ រយៈពេលពីរថ្ងៃ រាប់ចាប់ពីថ្ងៃទី១៧ ដល់ ទី១៨ ខែតុលា នេះ។ ព្រមពេលជាមួយ គ្នាថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Teo បាន គូសបញ្ជាក់ថា «បច្ចុប្បន្នការវាយប្រយុទ្ធ កំពុងធ្វើឡើងនៅ ស៊ីរី ហើយក្រុម ISIS អាចនឹង ត្រូវបានវាយឱ្យបែកខ្ចាត់ខ្ចាយ ពោលគឺវាអាចនិយាយបានថា ពួកភេរវករមួយចំនួនអាចនឹងធ្វើ ដំណើរមកកាន់សិង្ហបុរី ដែលនេះអាចនឹងក្លាយជាការគម្រាមកំហែងដ៏ធំនៅក្នុងតំបន់របស់ យើង។ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន មិនមែនត្រឹមតែអាជ្ញាធរ តែម្នាក់ឯងនោះទេ ប៉ុន្តែអ្នក រាល់គ្នានៅក្នុងប្រទេសសិង្ហបុរី ក៏ត្រូវតែប្រុងប្រយ័ត្ន រួបរួមគ្នា និងរ៉ឹងមំាជានិច្ច»។
គួរបញ្ជាក់ថា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជាដើម សុទ្ធតែបានភ្លក់រស់ជាតិរួចហើយ នូវការវាយប្រហារបំផ្ទុះគ្រាប់បែករបស់ពួកភេរវករ៕