(ដូហា)៖ រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលថ្មី បានចេញធ្វើដំណើរទៅដល់ទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed Al-Thani នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីកាតា។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានឱ្យដឹងថា គណៈប្រតិភូស៊ីរី ដែលរួមដំណើរជាមួយលោក Al-Shibani រួមមាន រដ្ឋមន្ត្រីការពារជាតិ លោក Murhaf Abu Qasra និងប្រធានស៊ើបការណ៍សម្ងាត់ លោក Anas Khattab ផងដែរ។

មន្ត្រីកាតាបានបញ្ជាក់បន្ថែមថា គណៈប្រតិភូស៊ីរីគ្រោងនឹងជួបលោក Sheikh Mohammed Al-Thani ដែលជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់កាតា ព្រមទាំងមន្ត្រីជាន់ខ្ពស់កាតាផ្សេងទៀត រួមទាំង រដ្ឋមន្ត្រីប្រតិភូកិច្ចការបរទេស លោក Mohammed Al-Khulaifi ផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសស៊ីរី មកកាន់កាតា គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីររបស់លោក ក្នុងរយៈពេលមិនដល់មួយខែផង ចាប់តាំងពីអតីតប្រធានាធិបតី Bashar al-Assad ត្រូវបានក្រុមឧទ្ទាមបណ្តេញចេញពីអំណាច កាលពីថ្ងៃទី ៨ ខែធ្នូ។

លោក Shibani ក៏បានប្រកាសពីគម្រោងទៅបំពេញទស្សនកិច្ច នៅប្រទេសអារ៉ាប់រួមនិងហ្ស៊កដានី ក្នុងសប្តាហ៍នេះផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងស្វែងរកការគាំទ្របន្ថែមទៀត។ កាលពីសប្តាហ៍មុន លោកក៏បានទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនយោបាយនៅស៊ីរី៕