(គូឡាឡាំពួរ)៖ ឆ្មាំឆ្នេរសមុទ្រម៉ាឡេស៊ីបានបណ្តេញទូកពីរគ្រឿង ដែលដឹកជនចំណាកស្រុកមីយ៉ាន់ម៉ា ដែលគ្មានឯកសារ ជិត ៣០០ នាក់ ចេញពីដែនទឹករបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥។

ជនចំណាកស្រុកទាំងនេះ ត្រូវបានរកឃើញក្នុងស្ថានភាពអស់កម្លាំង ដោយសារកង្វះអាហារ និងទឹក នៅចម្ងាយពីរម៉ាយពីភាគនិរតីនៃឆ្នេរសមុទ្រ នៃកោះរមណីយដ្ឋាន Langkawi។ ទោះយ៉ាងណា អាជ្ញាធរម៉ាឡេស៊ី​ បានផ្តល់ជំនួយចាំបាច់ មុននឹងនាំពួកគេចេញពីដែនទឹករបស់ខ្លួន។

អគ្គនាយកឆ្មាំសមុទ្រម៉ាឡេស៊ី លោក Mohd Rosli Abdullah បានបញ្ជាក់ថា «យើងក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារអនុវត្តច្បាប់ថៃ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីទិសដៅរបស់ទូក»។ ទោះជាយ៉ាងណា ឆ្មាំឆ្នេរសមុទ្រមិនបានបញ្ជាក់ថា តើជនចំណាកស្រុកទាំងនោះ ជាជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចមូស្លីម មកពីមីយ៉ាន់ម៉ា ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប៉ូលិសម៉ាឡេស៊ី ក៏បានឃាត់ខ្លួនជនចំណាកស្រុកមីយ៉ាន់ម៉ា ១៩៦ នាក់ នៅលើកោះ Langkawi ដែលភាគច្រើនជាជនជាតិរ៉ូហ៊ីងយ៉ា។ ជនជាតិរ៉ូហ៊ីងយ៉ាគឺជាជនជាតិភាគតិចមូស្លីម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានរត់គេចខ្លួន ដោយសារតែការធ្វើទុក្ខបុកម្នេញរបស់យោធាមីយ៉ាន់ម៉ា៕