(ម៉ានីល)៖ ប្រទេសដែលជាសម្ព័ន្ធមិត្ត និង មានប្រវត្តិសាស្រ្តពាក់ព័ន្ធជាយូរយាណាស់មកហើយ ជាមួយនឹងសហរដ្ឋអាមេរិក បែរជាបានសម្រេចចិត្តចាកឃ្លាតឆ្ងាយ ហើយងាកទៅរកប្រទេសចិន វិញនោះ បានធ្វើជនជាតិអាមេរិក ដែលធ្លាប់តែរស់នៅក្នុងប្រទេសហ្វីលីពីន ដោយភាព សប្បាយ រីករាយ កើតមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការផ្លាស់ប្តូរនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។
ទោះបីជាការបោះឆ្នោតប្រធានាធិបតីអាមេរិក ខិតជិតចូលមកដល់ក៏ដោយ អ្វីដែលជាប្រធានបទ សំខាន់ជាងគេនៅក្នុងការសន្ទនារវាងប្រជាជនអាមេរិក ដែលកំពុងរស់នៅក្នុងប្រទេសហ្វីលីពីន នោះគឺភាពតានតឹង រវាងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន ហើយនិងការងាកទៅបង្កើតចំណងមិត្តភាពជាមួយនឹងប្រទេសចិន។
លោក Jack Walker ដែលជាអតីតកងទ័ពម៉ារីនរបស់អាមេរិក ដែលបានរស់នៅក្នុងទឹកដី នៃប្រទេសហ្វីលីពីន អស់រយៈពេលប្រាំឆ្នាំកន្លងមក បានសម្តែងពីក្តីព្រួយបារម្ភរបស់លោក យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំភ័យព្រួយជាងគេនោះ គឺថ្ងៃណាមួយ លោកប្រធានាធិបតីហ្វីលីពីន នឹងក្រោកពីដំណេក ហើយប្រកាសថា អ្នករាល់គ្នាដែលមកពីសហរដ្ឋអាមេរិក ត្រូវចាកចេញពីហ្វីលីពីនជាបន្ទាន់ ដែលពេលនោះហើយ ពួកយើង នឹងត្រូវឃ្លាតឆ្ងាយពីមនុស្សជាទីស្រឡាញ់របស់ខ្លួន»។
ជាមួយគ្នានេះដែរ លោក Ebb Hinchllife អគ្គយកសភាពាណិជ្ជកម្មអាមេរិកនៅហ្វីលីពីន បានលើកឡើងថា បញ្ហារកាំរកូសរវាងរវាងលោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) និង សហរដ្ឋអាមេរិក បានធ្វើឲ្យអនាគតរបស់ប្រជាជន និងអាជីវកម្មអាមេរិក នៅក្នុងប្រទេសហ្វីលីពីន ស្ថិតនៅក្នុងភាពស្រពិចស្រពិល។ លោក បានបន្តទៀតថា «នៅពេលដែលលោក Duterte បើកមាត់និយាយអ្វីដែលមិនល្អអំពីអាមេរិកម្តងៗ វាធ្វើឲ្យក្នុងចិត្តខ្ញុំឈឺចាប់ណាស់»។
គួរបញ្ជាក់ដែរថា នៅក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ប្រទេសហ្វីលីពីន និង សហរដ្ឋអាមេរិក បានចែករំលែកនូវប្រវត្តិសាស្រ្តជាមួយគ្នាជាច្រើន និងមានចំណងសេដ្ឋកិច្ច ទ្វេភាគីយ៉ាងរឹងមាំទៀតផង ដែលអ្វីទាំងអស់នេះ អាចនឹងផ្លាស់ប្តូរទាំងស្រុងខណៈលោក Rodrigo Duterte កំពុងតែធ្វើការត្រួតពិនិត្យទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរម្តងទៀត៕