(ប៉េកាំង)៖ មជ្ឈមណ្ឌលកម្មវិធីភាសានៃតំបន់អាស៊ីនិងអាហ្រ្វិក នៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបើកដំណើរការកម្មវិធី《គំនិតថ្មីនៅក្នុងគម្ពីរបុរាណ》រដូវកាលទី៣ដែលនឹងចាក់ផ្សាយ នៅលើវេទិកាពហុភាសានៃ CGTN ចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥តទៅ ហើយនឹងចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍សំខាន់ៗ នៅតាមប្រទេសជាច្រើន ។
កម្មវិធីរដូវកាលនេះមានបីវគ្គដែលឈ្វេងយល់ ពីមូលដ្ឋានគ្រឹះនៃវប្បធម៌ចិននិងតម្រិះប្រាជ្ញា អភិបាលកិច្ចសង្គមតាមរបៀបដ៏រស់រវើក និងវិចារណញាណ បង្ហាញពីកម្លាំងគំនិត និងគុណតម្លៃប្រពៃណីដែលបង្កប់ នៅក្នុងយុទ្ធសាស្ត្រអភិបាលកិច្ចរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី ហើយបង្ហាញពី "ប្រទេសចិនយ៉ាងស៊ីជម្រៅ" ដែលពិតប្រាកដនិងបីវិមាត្រ។
កម្មវិធីនេះបានថតនៅទីក្រុង Sanming ខេត្ត Fujian ហើយបានអញ្ជើញអ្នកជំនាញខាងអក្សរសាស្ត្រចិនដ៏ល្បីល្បាញ នៅលើឆាកអន្តរជាតិទៅសិក្សាស្រាវជ្រាវនៅទីតាំងផ្ទាល់ ហើយប្រើប្រាស់សៀវភៅបុរាណចិនជាតម្រុយនិងគំនិតទស្សនវិជ្ជា របស់លោក Zhu Xi ដែលជាទស្សនវិទូនៅរាជវង្សសុងខាងត្បូងជាការចាប់ផ្តើម ដើម្បីវិភាគស្ថានភាពជាក់ស្តែង នៃអភិបាលកិច្ចទំនើបក្នុងប្រទេសចិន។
ពិធីករកម្មវិធីនេះ លោកសាស្រ្តាចារ្យ Giray ដែលជាអ្នកជំនាញចិនជនជាតិតួកគី បានចូលក្នុងទីប្រជុំជន ភូមិស្រុកនៅក្រុង Sanming ហើយធ្វើការសន្ទនាដោយស្មោះស្ម័គ្រ ជាមួយអ្នកគ្រប់គ្រងមូលដ្ឋាន កម្មករលើទូក អ្នកបើកកសិដ្ឋានចម្ការផ្លែឈើ កសិករ កម្មករ គ្រូពេទ្យ និងបញ្ញវន្ត ។ កាមេរ៉ាបានកត់ត្រាដំណើរសិក្សាស្រាវជ្រាវរបស់គាត់ ដោយបង្ហាញពីតថភាពក្នុងសង្គម និងភាពកក់ក្តៅនៃមនោសញ្ចេតនារបស់ប្រជាជន ដែលគាត់បានទៅទស្សនា និងគូរចេញនូវរូបភាពស្រស់ៗ រស់រវើកនិងគួរឱ្យស្រឡាញ់ របស់ប្រទេសចិន។
បន្ទាប់ពីថតកម្មវិធីរួច លោកសាស្រ្តាចារ្យ Giray បានថ្លែងថា ដំណើរកម្សាន្តបែបវប្បធម៌លើកនេះធ្វើឱ្យលោកចូលជិត "ប្រទេសចិនយ៉ាងស៊ីជម្រៅ"។ គាត់បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រជាជនដែលរួសរាយរាក់ទាក់ ហើយស្លូតបូត និងសង្គមដែលអភិវឌ្ឍប្រកបដោយវិបុលភាព អ្វីដែលគាត់បានឃើញបានដឹងមិនត្រឹមតែបង្ហាញពី កម្លាំងទាក់ទាញបែបប្រពៃណី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវខ្លឹមសារថ្មីៗនៃសម័យកាលទៀតផង។ គាត់សម្គាល់ឃើញថា តម្រិះប្រាជ្ញានៃប្រទេសចិនបច្ចុប្បន្ន ប្រៀបដូចជារបកគំហើញធំៗទាំងបួន នៃសម័យបុរាណអ៊ីចឹងដែរ ពោលគឺអរិយធម៌ចិនបន្ដរួមចំណែកដល់ ការរីកចម្រើនរបស់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន