(ហាណូយ)៖ ប្រទេសវៀតណាម កំពុងតែប្រឈមមុខនឹងព្យុះទីហ្វុង សារិកា វាយប្រហារនៅ តំបន់ភាគខាងជើងប្រទេស ដោយល្បឿនខ្យល់បោកបក់ ២០០គីឡូម៉ែត្រ/ម៉ោង ខណៈមនុស្ស ស្លាប់ដោយសារតែជំនន់ទឹកភ្លៀងដ៏អាក្រក់ នៅតំបន់ភាគកណ្តាលប្រទេសវិញ បានកើនឡើងដល់ ចំនួន ៣១នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០១៦។
ព្យុះទីហ្វុង សារិកា (Sarika) បានបង្កើនល្បឿនរបស់វាពី ១៦៥គីឡូម៉ែត្រ/ម៉ោង ទៅ ២០០គីឡូម៉ែត្រ/ម៉ោង ពេលមកដល់កាន់តែកៀកនឹងភាគខាងជើងប្រទេសវៀតណាម ដែលវានឹង បង្កជាភ្លៀងធ្លាក់យ៉ាងគំហុកនៅល្ងាចថ្ងៃអង្គារ រហូតដល់ព្រឹកថ្ងៃពុធស្អែកនេះ។ រដ្ឋាភិបាល វៀតណាម នៅថ្ងៃចន្ទ បានអំពាវនាវឲ្យទូកនេសាទ និងទូកកម្សាន្តនានា វិលត្រឡប់មកកំពង់ផែ វិញដើម្បីសុវត្ថិភាព ហើយប្រជាជននៅតំបន់គ្រោះថ្នាក់ខ្លាំង ក៏ត្រូវបានជម្លៀសចេញផងដែរ។
គួរបញ្ជាក់ថា ព្យុះទីហ្វុង សារិកា គឺត្រូវបានយកឈ្មោះតាមសត្វបក្សីមួយប្រភេទនៅប្រទេសកម្ពុជា ដែលចេះស្រែកច្រៀងដ៏ពិរោះរណ្តំ ហើយវាបានវាយប្រហារភាគខាងជើងហ្វីលីពីន កាលពី ថ្ងៃអាទិត្យ សប្តាហ៍មុន ដោយបានឆក់យកជីវិតមនុស្ស ពីរនាក់ និង បង្ខំឲ្យមនុស្សជាង ១៥០,០០០នាក់ទៀត ជម្លៀសចេញពីលំនៅឋាន៕