(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍នាថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលយោធា នឹងដោះលែងអ្នកទោសចំនួន ៥ ៨៦៤នាក់ ក្នុងនោះរួមមានជនបរទេស១៨០នាក់ ក្រោមការលើកលែងទោស នាឱកាសអបអរទិវាបុណ្យឯករាជ្យជាតិរបស់​ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៤។

បុណ្យឯករាជ្យជាតិនៅមីយ៉ាន់ម៉ា ត្រូវនឹងថ្ងៃសៅរ៍ ទី៤ ខែមករានេះ។ មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីអំឡុងដើមឆ្នាំ២០២១ នៅពេលយោធាបានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិល ហើយបង្ក្រាបយ៉ាងចាស់ដៃលើ ការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលក្រោយមក ក៏បានបង្កទៅជាការបះបោរប្រដាប់អាវុធ នៅទូទាំងប្រទេស។ របបសឹកធ្លាប់បានសន្យាថា នឹងរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅក្នុងឆ្នាំនេះ ប៉ុន្តែផែនការនោះ ត្រូវបាន​ថ្កោលទោសដោយក្រុមប្រឆាំងថា វានឹងជាការបោះឆ្នោតក្លែងក្លាយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកបន្តនៅជាប់ឃុំឃាំង ដោយរដ្ឋាភិបាលយោធា គឺរួមមានអតីតមេដឹកនាំ លោកស្រី អោងសាន ស៊ូជី។ លោកស្រី ស៊ូជី ដែលមានអាយុ៧៩ឆ្នាំ កំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល២៧ឆ្នាំ ក្រោមបទចោទប្រកាន់សរុបចំនួន១៤ រាប់ចាប់តាំងពីការញុះញង់បង្កការបះបោរ ការបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ លោកស្រី ស៊ូជី បានបដិសេធចំពោះ​ការចោទប្រកាន់ទាំងអស់៕